(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យនិស្សិតទាំងអស់ ដាក់កំណត់ខ្លួនឯងក្នុងការសិក្សា និងការចាប់យកជំនាញ ឲ្យបានខ្លាំង និងឲ្យបានពូកែ ព្រោះថាបើនិស្សិតពូកែ គ្រូពេទ្យពូកែ ហើយប្រជាពលរដ្ឋច្បាស់ជាមានសុខមាលភាព កាន់តែប្រសើរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដរាបណាសម្តេចតេជោនៅតែជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស សម្តេចនៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិត ដែលប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ដូច្នេះហើយនិស្សិតទាំងអស់ មិនថាជានិស្សិតពេទ្យ ឬជំនាញអ្វីផ្សេងទៀតនោះទេ គឺត្រូវតែខិតខំ ប្រឹងប្រែងរៀនសូត្រ។
បើតាមលោក ហ៊ុន ម៉ាណែត គ្រូពេទ្យក៏មិនសូវខុសគ្នាប៉ុន្មានពីយោធិន នៃកងយោធពលខេមរភូមិន្ទ ឬកងរាជអាវុធហត្ថ ឬកងកម្លាំងនគរបាលជាតិទេ ទោះបីជាមានបុណ្យទានដែលគេជួបជុំគ្រួសារ គឺគ្រូពេទ្យបែរជាប្រចាំការ ហើយគេកាន់តែសប្បាយ យើងកាន់តែប្រចាំការ ដែលនេះបញ្ជាក់ថា វាជាកាតព្វកិច្ចរៀងៗខ្លួន។
លោកបញ្ជាក់ថា «កន្លងទៅមានការចោទប្រកាន់ផ្សេងៗ ប៉ុន្តែក៏ទទួលស្គាល់ចំពោះការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួន ទៅលើឥរិយាបទរបស់គ្រូ ពេទ្យខ្លះនៅ មានចំណុចអវិជ្ជមាន ប៉ុន្តែយើងនៅមានគ្រូពេទ្យល្អៗជាច្រើន ដែលបានសង្គ្រោះជីវិតមនុស្ស»។
ឆ្លៀតក្នុងឱកាសនោះ លោកលើកឡើងថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួន គួរឲ្យកត់សំគាល់ និងមុនផែនការកំណត់លើគោលដៅ ចំនួន០៤ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺឆ្លង និងការបង្កើនភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍ ហើយកម្ពុជាសម្រេចបានស្ទើរតែទាំងស្រុង នូវការកាត់បន្ថយអត្រាមរណៈដោយជំងឺគ្រុនចាញ់ ៩៨ភាគរយ ដែលបានធ្លាក់ចុះពីចំនួន៩៣នាក់ ក្នុងឆ្នាំ២០១១ មកនៅត្រឹមម្នាក់ក្នុងឆ្នាំ២០១៦។
យ៉ាងណាមិញ លោក ហ៊ុន ម៉ាណែត បន្ថែមថា វិស័យសុខាភិបាលមានទំហំចំណាយថវិកាច្រើនណាស់ក្នុងមួយឆ្នាំៗ ដោយក្នុងនោះឆ្នាំចំណាយចរន្តនៃថវិកាជាតិឆ្នាំ២០១៤ មានទឹកប្រាក់ប្រមាណ៨២៥លានរៀល ស្មើនឹង១៤.៣% នៃថវិកាជាតិ, ឆ្នាំ២០១៥ប្រមាណ ៩៥៩លានរៀល ស្មើនឹង៥.៦% នៃថវិកាជាតិ និងឆ្នាំ២០១៦ កើនដល់១.០២៧លានរៀល ស្មើនឹង៨.៦% នៃថវិកាជាតិ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឆ្លើយតបនឹងតម្រូវការ ជាអទិភាពនានាជូនប្រជាជន។
ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំនានារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងវិស័យនេះ និងសូមកោតសរសើរជានិច្ចចំពោះ តម្លៃនៃការលះបង់របស់ក្រុមគ្រូពេទ្យទាំងអស់ និងសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានព្រមព្រៀងចុះអនុសារណៈ ជាមួយសមាគម TYDA សំដៅសហការល្អក្នុងការផ្តល់សេវាសុខភាពជូនប្រជាជន និងការផ្តល់ឱកាសឲ្យនិស្សិតបានចូលរួមជួយសង្គម និងការដកបទពិសោធន៍ការងារ បានចូលរួមស្ម័គ្រជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក៏ដូចជាសមាគមនានា ក្នុងការចូលរួមជួយដល់សង្គមជាតិ និងប្រជាជនតាមរយៈរូបភាព និងសកម្មភាពមនុស្សធម៌ផ្សេងៗ៕