(តាកែវ)៖ លោក ពេជ សោភ័ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកនាំមកឲ្យប្រជាជនខ្មែរ នូវសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការអភិវឌ្ឍ និងជីវភាពកាន់តែសម្បូរសប្បាយ ចំណែកបក្សប្រឆាំងបានតែមាត់ទេ អួតខ្លួនឯងមិនយកខ្មែរណាជាសត្រូវ តែបែរជាស្រែកថា មានស៊ីអត់សែន។
លោក ពេជ សោភ័ន ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយគណបក្សឃុំ សាខាបក្សភូមិយុវជនបក្សឃុំ-ភូមិ និងប្រធានក្រុមបក្សឃុំពោធិ៍រំចាក នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដែលប្រារព្ធឡើងនៅទីស្នាក់ការបក្ស ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ និងសមាជិក-សមាជិកាសរុបចំនួន ១២៥នាក់។
លោកថ្លែងយ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកនាំមកឲ្យប្រជាជនខ្មែរ នូវសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការអភិវឌ្ឍ និងជីវភាពកាន់តែសម្បូរសប្បាយ»។
លោកបានពន្យល់ប្រាប់ប្រជាពលរដ្ឋថា «តើនរណាទៅ ដែលបាននិងកំពុងបំបែកបំបាក់ជាតិ ញុះញង់ អុចអាល បញ្ឆេះកំហឹងឲ្យប្រឆាំងច្បាប់ ប្រឆាំងអំណាចរដ្ឋ បង្កព្រឹត្តិការណ៍ប្រទុស្តរាយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដោយបង្កើតបញ្ហាយួន ផែនទីក្លែងក្លាយ អត់សិទ្ធិសេរី ផ្ដាច់ការ ពុករលួយ មានស៊ីអត់សែន។ តើនេះឬដែលគេថា មិនយកខ្មែរណាជាសត្រូវ?»។
លោកបន្តថា អ្នកដែលបានធ្វើឲ្យកម្ពុជា មានការផ្លាស់ប្ដូរជាវិជ្ជមានពិតប្រាកដ គឺសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្លាស់ប្ដូរប្រទេសកម្ពុជាពី មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ឲ្យក្លាយទៅជា «ព្រះរាជាណាចក្រអច្ឆរិយៈ» បានផ្លាស់ប្ដូរពីរបបវាលពិឃាដ ឲ្យក្លាយទៅជារបបផ្សារសេរី ពហុបក្ស៕