(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានប្រាប់ទៅលោក Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជាថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ខេត្តសៀមរាប មានការអភិវឌ្ឍន៍លើគ្រប់វិស័យ សំខាន់លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងនោះ លើហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍។
លើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាស លោក Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសំណេះសំណាលជាមួយលោកអភិបាលខេត្តសៀមរាប។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងពីស្ថានភាព ភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដែលសម្បូរទៅ ដោយប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិដែលបានកំពុងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរ នៅលើពិភពលោកចូលមក ទស្សនាកម្សាន្ត ហើយដែលជាប៉ូលសេដ្ឋកិច្ចមួយមិនចេះរីងស្ងួត នៃកម្ពុជា ហើយសេដ្ឋកិច្ចរបស់ខេត្តសៀមរាប បានពឹងផ្អែកលើវិស័យទេសចរណ៍ និងកសិកម្ម ដែលមានប្រជាពលរដ្ឋ ប្រមាណ៨២ភាគរយជាកសិករ។
អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា គម្រោងរបស់ខេត្តលើកិច្ចអភិវឌ្ឍ វិស័យទេសចរ ព្រមទាំងខិតខំស្វែងរកដៃគូ ដើម្បីវិនិយោគនៅខេត្តសៀមរាប ម៉្យាងទៀតតម្រូវការរបស់ខេត្ត ក្នុងការពង្រីកក្រុងរណប និងបង្កើតទីកន្លែងកម្សាន្ត រៀបចំឲ្យមានផ្សារទំនើប នៅពេលរាត្រី បន្ទាប់ពីភ្ញៀវបាន ទស្សនាកម្សាន្តនៅតាមប្រាសាទ ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវបានស្នាក់នៅយូថ្ងៃ ដែលផ្តល់នូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះលោក ឃឹម ប៊ុនសុង បានលើកជាសំណូមពរមួយចំនួន ដល់ឯកអគ្គរដ្ឋទូតប្រទេសបេឡារុស សូមជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបេឡារុស ឲ្យចូលមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ព្រមទាំងមានការសង្ឃឹមជឿជាក់ផងដែរ អំពីដំណើរទស្សនៈកិច្ចរបស់ឯកអគ្គរដ្ឋទូត នៅលើទឹកដីខេត្តសៀមរាប នឹងធ្វើឲ្យចំណងមិត្ត សម្ព័ន្ធមេត្រីភាពប្រទេសទាំងពីរ ក៏ដូចជាខេត្តសៀមរាបមានភាពស្និតស្នាល លើកិច្ចទំនាក់ទំនងសហប្រតិបត្តិការគ្នាបានល្អទ្វេរឡើង ហើយអាជ្ញាធរខេត្តនៅរងចាំទទួលស្វាគមន៍ចំពោះអ្នកដែលមាន បំណងមកវិនិយោគនៅខេត្តសៀមរាបផងដែរ។
ជាមួយគ្នានោះ លោក Vladimir Goshin បានលើកឡើងថា នេះជាលើកទី១ហើយ ដែលលោកបានមកដល់លើទឹកដីប្រវត្តិសាស្ត្រសៀមរាប ព្រមទាំងលើកពីគោលបំណងរបស់ ប្រតិភូមកកាន់ខេត្តសៀមរាប ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមិត្តភាព ម៉្យាងទៀតខេត្តសៀមរាប ជាខេត្តដែលមាន ឥទ្ធិពលនៅលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋាននានា លើពិភពលោកចូលមកកម្ពុជា តាមរយៈសម្បត្តិវប្បធម៌ដ៏លី្បល្បាញ នៃប្រាសាទអង្គរ។
ឯកអគ្គរាជទូតប្រទេសបេឡារុស រូបនេះបានគូសបញ្ជាក់ថា នេះជាការទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ទៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយប្រទេសបេឡារុស ជាប្រទេសមួយផលិតគ្រឿងយន្តកសិកម្ម ហើយបានកំពុងធ្វើចរាចរនៅក្នុងតំបន់អាស៊ីកណ្តាល មួយវិញទៀតវាក៏ជាឱកាសល្អសម្រាប់ ប្រទេសនៅក្នុងតំបន់អាស៊ី ក៏ដូចប្រទេសកម្ពុជា និងបេឡារុស មានការផ្លាស់ប្តូរទេសចរផងដែរ។
លោកបន្ថែមថា ប្រជាជនប្រទេសបេឡារុង បានគាំទ្រនូវស្រូវអង្ករ និងម្រេចនៅកម្ពុជា ព្រមទាំងសូមឲ្យខេត្តសៀមរាប ត្រូវមានធ្វើការកិច្ចព្រមព្រៀងជាមួយ តំបន់ណាមួយរបស់ប្រទេសបេឡារុស ដែលមានលក្ខណៈស្រដៀងគ្នា ដើម្បីចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពាណិកម្ម ព្រមទាំងបានធ្វើការអញ្ជើញគណៈប្រតិភូខេត្តសៀមរាប ទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់នៅប្រទេស បេឡារុសផងដែរ៕