(ព្រះវិហារ)៖ ដើម្បីកាត់បន្ថយពេលវេលា និងថវិការបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តចាត់មន្ត្រីតាមស្រុកយកកាតគ្រីម៉ូតូ យកទៅប្រគល់ជូនគាត់ដល់ដៃ នៅភូមិនិងផ្ទះរបស់គាត់តែម្តង។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះថា «ក្រោមការណែនាំផ្ទាល់ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងអភិបាលខេត្តព្រះវិហារ អ៊ុន ចាន់ដា ប៉ុន្មានថ្ងៃនេះ យើងបានចាត់មន្ត្រីតាមបណ្តាស្រុកផ្សេងៗ យកកាតគ្រីម៉ូតូទៅជូនប្រជាពលរដ្ឋ បានប្រហែលជាង៥០០ កាតគ្រី បើធៀបនិងការដែលយើង បានចុះយកទៅប្រគល់ជូនគាត់កន្លងមក ឃើញថាមានចំនួនច្រើន»

លោកបន្តថា កាតគ្រីម៉ូតូដែលយើងយកទៅប្រគល់ជូនគាត់ គឺបន្ទាប់ពីពួកគាត់បានយកម៉ូតូ មកធ្វើស្លាកលេខកាលពីលើកមុន ប៉ុន្តែមិនទាន់ទទួល បានកាតគ្រី ដែលករណីយឺតយ៉ាវ ផ្តល់កាតគ្រីជូនគាត់ មិនទាន់ពេលវេលានោះ គឺលើកមុនយើងយកកាតគ្រីទៅបោះពុម្ភនៅភ្នំពេញ ម៉្យាងទៀតពេល ដែលយើង យកកាតគ្រីមកហើយ គឺពួកគាត់អត់មកយក ដោយគាត់ថារវល់រកស៊ី រវល់ធ្វើស្រែចំការជាដើម...អញ្ចឹងហើយដើម្បីសំរួលជូនគាត់ គឺមន្ទីរបានចាត់មន្ត្រីយកកាតគ្រីម៉ូតូទៅប្រគល់ជូមគាត់តែម្តងទៅ។

លោក សំ លាងទ្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋយកម៉ូតូមកធ្វើស្លាកលេខ គឺធ្វើភ្លាមទទួលបានស្លាកលេខ ភ្លាម និងកាតគ្រីភ្លាមៗផងដែរ។ ចំពោះការចុះបញ្ជីរយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តនិងការប្រឡងយកបណ្ណ័បើកបរ គឺធ្វើភ្លាមបានភ្លាមៗ ដោយមិនរង់ចាំដូចលើកមុនទៀតទេ។

លោកបានបន្ថែមថា ព្រោះបច្ចប្បន្ននេះ យើងធ្វើតាមប្រព័ន្ធអនឡាញទាំងអស់។ ដែលកត្តានេះ គឺផ្តើមចេញពីការដឹកនាំ និងការកំណែទំរង់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណកា និងដឹកជញ្ជូនសព្វថ្ងៃនេះ៕