(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តចុះទៅសំណេះសំណាលសួរសុខទុក្ខ ដោយពាំនាំយកនូវគ្រឿងឧបភោគ បរិភោគមានជាអង្ករជាង២តោន ដែលជាអំណោយរបស់សាលាខណ្ឌឫស្សីកែវ ដើម្បីមកចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា ចំនួន២១០គ្រួសារ ដែលកំពុងជួបការខ្វះខាត និងដើម្បីជួយសម្រាល ដោះស្រាយបញ្ហាជីវភាពរស់ប្រចាំថ្ងៃជូនពួកគាត់ក្នុងមូលដ្ឋាន។

ដំណើរចុះទៅសំណេះសំណាលសួរសុខទុក្ខចែកអង្ករខាងលើនេះដែរ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅសហគមន៍រួមមិត្ត ក្នុងក្រុមទី១៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយក្នុងសកម្មភាពមនុស្សធម៌នេះ ក៏មានការរួមដំណើរពីបេក្ខភាព ប្រធានក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ លោក មូល វិរៈ ជាមួយក្រុនយុវជនខណ្ឌ-សង្កាត់ និងមេភូមិ-មេក្រុមផងដែរ។

ក្នុងសក្មភាពមនុស្សធម៌នេះលោក ជា ពិសី​ បានថ្លែងថា ក្នុងនាមជាពលរដ្ឋខ្មែរ សូមកុំភ្លេចទៅចូលរួមបោះឆ្នោត​ឲ្យបានគ្រប់ៗគ្នាផង «ពោលគឺនៅសល់តែជាង១០ថ្ងៃទៀត​ប៉ុណ្ណោះ គឺជាថ្ងៃ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»ហើយក៍សូមជួយផ្ដល់សេចក្ដីទុកចិត្ត​ជូនបេក្ខភាពលោកចៅសង្កាត់ឫស្សីកែវផង គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាយើង ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំហើយក៍បន្តនាំមកនូវ សុខសន្តិភាពពេញ បរិបូរដូចបច្ចុប្បន្ន មានទាំងការអភិវឌ្ឍន៍ និងមានការកើនឡើងនូវសមទ្ធិផលជាច្រើន ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូធា កាន់តែប្រសើរឡើងជាបន្តបន្ទាប់នូវទូទាំងកម្ពុជា។

បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខត្រូវបានបញ្ចប់ លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ លោក មូល វិរៈ ក៍បានធ្វើការចែកជូននូវអង្ករចំនួនជាង២តោន ដែលជាអំណោយរបស់សាលាខណ្ឌឫស្សីកែវ ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន២១០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន១០គីឡូក្រាម ដែលជាវប្បធម៌ចែករម្លែកមួយ ក្នុងការជួយសម្រាលដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានមួយចំនួន រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕