(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ ក្នុងគោលដៅជម្រុញថែមទៀត នូវសកម្មភាពមនុស្សធម៌ និងការងារជួយសង្គមរបស់យុវជនឲ្យបានកាន់តែខ្លាំងក្លា។
នៅចំពោះមុខអ្នកចូលរួមប្រមាណ៤០០នាក់ លោក ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជាពិសេសក្រុមការងារស្រុកពាមរក៍ ដែលតែងតែយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ចូលរួមចុះជួយប្រជាពលរដ្ឋ និងធ្វើសកម្មភាពមនុស្សធម៌ យ៉ាងសស្រាក់ស្រាំ។
លោក ស សុខា បានលើកទឹកចិត្តយុវជន ទាំងក្នុងក្របខណ្ឌសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជា យុវជនដ៏ទៃទៀតធ្វើជាគំរូល្អ និងបន្តការងាររបស់ខ្លួន ក្នុងការចូលរួមជួយអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះលោក ស សុខា បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ និងបានកំណត់តម្លៃប្រេងលក់នៅតាមស្ថានីយឱ្យទាប ចាប់តាំងពីខែមេសា ឆ្នាំ២០១៦។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានខិតខំសម្របសម្រួលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបញ្ចុះចុងការប្រាក់កម្ចីមកត្រឹម១,៥%ក្នុងមួយខែ ក្នុងគោលដៅជួយកាត់បន្ថយការលំបាក និងបង្កើនជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
លោកតំណាងរាស្រ្តវ័យក្មេងរូបនេះ បានបញ្ជាក់ថា «ក្នុងរយៈពេលប្រហែល៥០០ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជាដ៏អភ័ព្វ ពុំដែលមានសុខសន្តិភាព បានយូរអង្វែងទេ គឺតែងតែមានសង្គ្រាមរ៉ាំរ៉ៃ មានជម្លោះបែកបាក់គ្នាជាបន្តបន្ទាប់។ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិ ឲ្យរួចចាកផុតពីសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ហើយបង្កើតសករាជថ្មីនៃសន្តិភាព និងបានថែរក្សាសន្តិភាពអស់រយៈពេលជិត៤០ឆ្នាំ ចុងក្រោយនេះ»។
លោក ស សុខា បានសង្កត់ធ្ងន់ថា នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋមានឱកាសក្នុងការរៀនសូត្រ ប្រកបការងារ ឬរកស៊ីទទួលទាន ដើម្បីបង្កើនជីវភាព។ លោក ស សុខា បានបន្ថែមថា ការកសាងសន្តិភាព គឺជាការលំបាក ប៉ុន្តែការថែរក្សាសន្តិភាព រិតតែលំបាក។ យើងគ្រប់គ្នាស្រឡាញ់សន្តិភាព ប៉ុន្តែកុំភ្លេចថាអ្នកណាជាអ្នកបង្កើតសន្តិភាព។ មុននឹងបញ្ចប់លោក ស សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខកុំបីអាក់ខានឡើយ៕