(ភ្នំពេញ)៖ ធនាគារឯកទេសវីង (Wing) បានពង្រីកប្រតិបត្តិការថ្មីរបស់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋអាចទិញសំបុត្រឡានក្រុង កាន់តែងាយស្រួលនៅតាមទីភ្នាក់ងារ Wing ដោយមិនចាំបាច់ចំណាយពេល ធ្វើដំណើរទៅទិញសំបុត្ររថយន្តក្រុង នៅក្រុមហ៊ុនរថយន្តក្រុង ដូចមុនទៀតនោះឡើយ។
ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្មថ្មីនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក សុធី សុវិត្យា នាយកផ្នែកអាជីវកម្មខ្នាតតូច និងមធ្យម នៃធនាគារឯទេសវីង បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចចូលទៅទិញសំបុត្ររថយន្តក្រុង តាមភ្នាក់ងារវីង ដែលមានស្លាកសញ្ញាឡានក្រុងពណ៌ក្រហម។ បើតាមលោក សុធី សុវិត្យា មានក្រុមហ៊ុនរថយន្តក្រុងចំនួន ៣៦ហើយ ដែលសហការជាមួយវីង ដើម្បីដំណើរការសេវាកម្មថ្មីនេះ។
លោក សុធី សុវិត្យា បានបញ្ជាក់ថា បច្ចុប្បន្នវីងមានភ្នាក់ងារជាង ៥០០០កន្លែងនៅទូទាំងប្រទេស ប៉ុន្ដែចំពោះការដាក់លក់សំបុត្រឡានក្រុងតាមភ្នាប់ងារវីងនេះ ទើបមានជាង ១០០កន្លែងតែប៉ុណ្ណោះ ហើយនៅពេលឆាប់ៗខាងមុខនេះ វីងនឹងដាក់សេវានេះឲ្យនៅគ្រប់ទាំង ៥០០០កន្លែង។
លោក ជា ឡង់ដា អគ្គនាយកនៃក្រុមហ៊ុន BookMeBus បានឲ្យដឹងថា ប្រជាពលរដ្ឋអាចជ្រើសរើសនៅក្រុមហ៊ុនណាមួយ ដែលគាត់ពេញចិត្តជាមួយម៉ោងចេញដំណើរ លេខកៅអី ពីព្រោះភ្នាក់ងារវីងទាំងអស់ ពួកគាត់ប្រើប្រាស់ជា Mobie App របស់ BookMeBus ដើម្បីឆែកនូវកៅអីទំនេរ ឬមិនទំនេរ របស់ក្រុមហ៊ុនរថយន្តក្រុងទាំង ៣៦ក្រុមហ៊ុន។ បន្ទាប់ពីកក់ម៉ោងចេញដំណើរ និងលេខកៅអីបានហើយ ប្រជាពលរដ្ឋត្រូវទៅបង់ប្រាក់នៅភ្នាក់ងារវីង៕