(ភ្នំពេញ)៖ ពាក់ព័ន្ធយុទ្ធនាការស្វែងរកសំលេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលចាប់ផ្ដើមឡើងនៅថ្ងៃស្អែកនេះ សាលារាជធានីភ្នំពេញ និងតំណាងគណបក្សនយោបាយចំនួន៦ បានឯកភាពគ្នាជារួមលើចំណុចសំខាន់ៗមួយចំនួន ជុំវិញយុទ្ធនាការមួយនេះ ដើម្បីឲ្យមានភាពប្រសើរឡើង និងខ្វែងគំនិតគ្នា ពេលមានបញ្ហាកើតឡើងដោយចៃដន្យ។
ចំណុចសំខាន់ៗដែលភាគទាំង២ បានឯកភាពគ្នាបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញមួយព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ រវាងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងតំណាងគណបក្សនយោបាយចំនូន៦ ដែលបានចូលរួមក្នុងចំណោមគណបក្សទាំង១២ ដែលបានចុះបញ្ជីប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ។
ក្រោយបញ្ចប់កិច្ចប្រជុំ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំង២ បានយល់ព្រមឲ្យតំណាងគណបក្សនយោបាយទាំងអស់ ប្រចាំការរួមគ្នានៅទីបញ្ជាការស្រាល ឬហៅថាក្រុមប្រចាំការ ស្ថិតនៅទីស្នាក់ការគណៈកម្មាការរៀបចំបោះឆ្នោតរាជធានីភ្នំពេញ ហៅថា PEC ដើម្បីរួមគ្នាដោះស្រាយ និងសម្រេចលើបញ្ហាណាមួយដែលបានកើតឡើង នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត។
សម្រាប់ការដង្ហែក្បូនឃោសនាវិញ ត្រូវបានអ្នកនាំពាក្យអះអាងថា ចំពោះតម្រាយផ្លូវទាំង៩ខ្សែ ដែលសាលារាជធានីភ្នំពេញ ចេញលិខិតផ្ញើទៅកាន់ គជប កាលពីពេលកន្លងទៅនេះ ដែលហាមមិនឲ្យមានការដង្ហែក្បូនឆ្លងកាត់នោះ តែក្រោយពេលពិភាក្សាភាគីទាំង២ បានឯកភាពគ្នាដោយអនុញ្ញាត ឲ្យក្បូនបានឆ្លងកាត់នៅពេល ដែលគណបក្សនយោបាយនោះ បានដាក់លិខិតជូនដំណឹង និងលិខិតស្នើសុំទៅសាលារាជធានីភ្នំពេញជាមុន។
ដោយឡែក សួនច្បារទាំង៧កន្លែង នៅតែមិនអនុញ្ញាតឲ្យមានការដង្ហែក្បូន ឬជួបជុំដូចបញ្ជាក់នៅក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ដែលបានចេញរួមមកហើយនោះ។ ត្រង់ចំណុចនេះលោក ម៉េត មាសភក្ដី បានពន្យល់ថា ការហាមឃាត់នេះដោយអាជ្ញាធររាជធានីភ្នំពេញ ទុកឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីរាប់ម៉ឺននាក់ សម្រាប់ដើរលេងកំសាន្ដ ហាត់ប្រាណ ឬលំហែកាយជាដើម។ ដោយឡែក ការឃោសនានៅតាមផ្សារទាំង៦ ដែលសាលារាជធានីភ្នំពេញ ហាមឃាត់នោះត្រូវបានអង្គប្រជុំកែប្រែ ដោយអនុញ្ញាតឲ្យក្បូនឃោសនាហែរកាត់ ប៉ុន្ដែហាមហែរជុំវិញបរិវេណផ្សារទាំង៦នេះ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ ចំពោះផ្សាររដ្ឋទាំង២៥ នៅក្នុងរាជធានីភ្នំពេញ តំណាងគណបក្សនយោបាយត្រូវបានអនុញ្ញាតឲ្យចែកខិតប័ណ្ណ ឬឧបករណ៍ដែលអាចឃោសនាបានចូលទៅក្នុងផ្សារ ត្រឹមតែមួយថ្ងៃ និងមួយឃោសនា ហើយមិនឲ្យលើសពី១០នោះទេ។ សម្រាប់មេក្រូ ឬឧឃោសនាស័ព្ទ មិនត្រូវបានអនុញ្ញាតឲ្យនាំចូលទៅក្នុងផ្សារ ប៉ុន្ដែអាចផ្សព្វផ្សាយជាទូទៅ នៅទីតាំង ឬរោងនៃជ្រុងណាមួយរបស់ផ្សារ ហើយអាជ្ញាធរ នឹងផ្ដល់ជូនឧបករណ៍សម្រាប់ឃោសនាទាំងនេះជូន។
អ្នកនាំពាក្យបានបន្ដថា ពាក់ព័ន្ធការបិទខិតប័ណ្ណនៅតាមបង្គោលភ្លើង និងដើមឈើ ត្រូវបានហាមឃាត់ ហើយចង់ប៉ាន់ណូ ឬបដា ឬខិតប័ណ្ណស្ដីពីការឃោសនា តំណាងគណបក្សនយោបាយ ត្រូវស្នើសុំមកសាលារាជធានីភ្នំពេញ ពេលនោះសាលារាជធានីភ្នំពេញ នឹងពិនិត្យមើលទីតាំងទាំងនោះជូន តែបើមានការប៉ះពាល់ នឹងមិនអនុញ្ញាតឲ្យឡើយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការជួបពិភាក្សាគ្នាពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅដោយមានភាពស្និតស្នាល និងមានការពេញចិត្តទៅវិញទៅមកចំពោះ លទ្ធផលដែលសម្រេចបានទាំងប៉ុន្មានចំណុចនេះ៕