(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានផ្តាំផ្ញើឲ្យក្រុមអ្នករត់ម៉ូតូឌុបទូទាំងក្រុងស្ទឹងសែន ចេះថែរក្សាសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងចូលរួមគោរពច្បាប់អនុវត្តន៍ច្បាប់ទាំងអស់គ្នា ហើយត្រួវចងចាំថា «ការគោរពច្បាប់ គឺផ្តើមចេញពីយើងទាំងអស់គ្នា»។លើសពីនេះទៅទៀត លោកអភិបាលខេត្ត បានរំលឹកបងប្អូនកុំភ្លេច ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៤ទាំងអស់គ្នា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបន្តដឹកនាំប្រកបដោយសុខសន្តិភាពជាដ៏រាប។
ការថ្លែងបែបនេះខណៈលោកអភិបាលខេត្ត និងលោក គង់ វិមាន អភិបាលរងខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល ជាមួយបងប្អូនអ្នករត់ម៉ូតូឌុប ទូទាំងក្រុងស្ទឹងសែន។
លោក ហុក រិន អភិបាលស្រុកស្ទឹងសែន បានបញ្ជាក់ថា បងប្អូនដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប ក្នុងក្រុងស្ទឹងសែនមានចំនូនសរុប១៥៧នាក់ មានទីលំនៅនៅក្រុងស្ទឹងសែន និងមកពីបណ្តាស្រុកផ្សេងទៀត ដែលមកប្រកបរបរនៅទីនេះ។
ថ្លែងក្នុងឱកាសនោះលោក សុខ លូ បានលើកឡើងថា មុខរបរទាំងអស់ គឺសុទ្ធមានតម្លៃទាំងអស់ មិនថា មុខរបរនោះជាមុខរបរតូចតាចក៏ដោយ ជាតួយ៉ាងមុខរបររបស់បងប្អូន គឺជាមុខរបរសុចរិត មិនបានកេងប្រវ័ញ្ចកម្លាំងអ្នកដ៏ទៃឡើយ ភាពរីកចម្រើន នៃកម្រិតជីវភាពរបស់បងប្អូន គឺឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ប្រទេសជាតិយើងដែរ។
លោកថា មួយវិញទៀតដូចបងប្អូនបានឃើញស្រាប់ ផ្លូវ ថ្នល់ មានការកើតឡើង ជាប្រព័ន្ធហាក់បីដូចសរសៃក្រឡាបាតដៃ ដែលផ្តល់ភាពងាយស្រួល ដល់បងប្អូន បើយើងមានផ្លូវថ្នល់ស្រួលធ្វើដំណើរ ការចំណាយរបស់បងប្អូនកតិចដែរ ការរក្សាយាន ជំនិះនៃការប្រើប្រាស់ ក៏មានភាពយូរអង្វែង លើសពីនេះទៅទៀត ផ្នែកអគ្គិសនីវិញមានតម្លៃ ទាបដែលអាចជួយសម្រួល ដល់ការប្រើប្រាស់ចំណាយតិចជាងមុន នេះគឺអាចជួយសន្សំសំចៃ របស់បង្អូនបានមួយកម្រិត ការប្រើប្រាស់ប្រព័ន្ធបណ្តាយទឹកស្អាត ក៏ជារឿងសំខាន់ ដែរពោលគឺអាចថែរក្សាសុខភាព និងកាត់បន្ថយការចំណាយ លើការព្យាបាល រីឯគោលការណ៍ ភូមិ-ឃុំ មានសុវត្ថិភាព បានជួយបងប្អូន ក្នុងការធ្វើដំណើរប្រកបអាជីព ទាំងថ្ងៃទាំងយប់ប្រកបដោយសុវត្ថិភាព។
លោបានបញ្ជាក់ថា មួយវិញទៀត ការបម្រើសេវាសាធារណៈជូនបង ប្អូនបានផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់ប្អូនពេលវេលា ការធ្វើខិត ផ្សេងៗមួយចំនួន មិនត្រូវបានបង់ប្រាក់នោះឡើយ ការធ្វើអត្តសញ្ញាណប័ណ្ណភាពលឿន រហ័ស ភាពចំណាកស្រុក និងអន្តោប្រវេសន៍ គឺជារឿងមួយគួរឲ្យកត់សម្គាល់ដែលបងប្អូន មួយចំនួននឹកងើយឆ្ងល់ថា ហេតុអ្វីក៏ប្រទេសយើងសំបូរជនបរទេស ជាពិសេសជនជាតិ យួន ការយល់ដូច្នេះមិនមែនជារឿងប្លែកនោះ ដូចបងប្អូនក៏បានដឹងដែរប្រជាពលរដ្ឋខ្មែរ យើងក៏មានច្រើនណាស់ដែរនៅបរទេស នេះគឺជារបាយប្រជាជន នៅក្នុងការរស់នៅនៃ ជីវភាពប្រចាំថ្ងៃ។ ភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់នេះ គឺកើតឡើងដោយមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕