(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម ម៉ុង មុន្នីសោភា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ក្មេងប្រុសម្នាក់ ដោយដាក់ពន្ធនាគារចំនួន០៣ឆ្នាំ និង០៦ខែ ព្រមទាំងពិន័យជាប្រាក់០៨លានរៀល ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភក្មេងស្រីអនីតិជន។
សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារតាំងកសាង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ក្មេងប្រុសដែលក្លាយជា ពិរុទ្ធជននេះ ឈ្មោះ ណុប បញ្ញា ហៅធី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៦ មានឪពុកឈ្មោះ ណុប សារិទ្ធ អាយុ៣៦ឆ្នាំ មុខរបរលក់ស្បែកជើង នៅផ្សារតាំងកសាង ម្តាយឈ្មោះ សៅ ចិន្តាអាយុ៣៥ឆ្នាំ មុខរបរអ៊ុតសក់ ក្នុងផ្សារតាំងកសាង មានទីលំនៅ ផ្ទះជួល ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្វាយរៀង។ ចំណែក ក្មេងស្រីរងគ្រោះ ទើបតែអាយុ៦ឆ្នាំ មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមម្តាយក្មេងស្រីរងគ្រោះ បាននិយាយថា រាល់ថ្ងៃទំនេរ កូនស្រីរបស់គាត់ តែងតែចូលលេងក្នុងផ្សារជាមួយក្មេងប្រុសសង្ស័យ ដោយសារចាស់ៗសុទ្ធតែជាអ្នកស្គាល់គ្នា លុះមកដល់វេលាខាងលើ ខណៈដែលកំពុងរៀបចំអីវ៉ាន់ ស្រាប់តែកូនស្រី រត់មកពីក្រោយផ្សារ ទាំងយំសស្រាក់ ព្រមទាំងមានឈាមប្រឡាក់អាវ ហើយប្រាប់ថា ក្មេងប្រុសខាងលើបាននាំទៅលេង ខាងក្រោយផ្សារ ហើយចាប់រំលោភ។
ក្មេងប្រុសសង្ស័យ បានសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីរងគ្រោះ ទៅចាប់រំលោភមែន ប៉ុន្តែអត់ចូលដល់ជម្រៅនោះទេ៕