(ភ្នំពេញ)៖ មហាសន្និបាតលើកទី១៧ នៃស្ថាប័នជាសមាជិករបស់ទីភ្នាក់ងារឧត្ដមសិក្សា ប្រើប្រាស់ភាសាបារាំង (AUF) បានប្រព្រឹត្តទៅនៅទី ក្រុងម៉ារ៉ាកេស (ប្រទេសម៉ារ៉ុក) នៅក្នុងសប្តាហ៍នេះ ដោយមានវត្តមានតំណាងសាកលវិទ្យាល័យចំនួន៦៧៨ មកពីគ្រប់ទិសទីក្នុងពិភពលោក។ មហាសន្និបាតនេះ ទើបបានបញ្ចប់ដោយបានជ្រើសរើស សមាសភាពថ្មីនៃក្រុមប្រឹក្សាភិបាល និងសង្គម ហើយបានជ្រើសតាំងប្រធានថ្មី គឺលោក Sorin Mihai Cimpeanu សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម និងបសុពេទ្យនៃទីក្រុងប៊ុយការ៉េស។
សម្រាប់ប្រទេសកម្ពុជាវិញលោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសកលវិទ្យាធិការ នៃសកលវិទ្យាល័យរដ្ឋចំនួន២ របស់កម្ពុជា គឺសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានដឹកនាំគណៈប្រតិភូចូលរួមផងដែរ។
មហាសន្និបាតនេះ បានអនុញ្ញាតឲ្យសមាជិកទាំងឡាយ បោះឆ្នោតអនុម័តយុទ្ធសាស្ត្រថ្មីរបស់ AUF ដែលជាសក្ខីភាព នៃទំនុកចិត្តក្នុងការកំណត់ទិសដៅ ដែលស្នើឡើងដើម្បីកសាងលំហរសាកលវិទ្យាល័យ ដែលប្រើភាសាបារាំងថ្មី សំរាប់រយៈពេល៤ឆ្នាំខាងមុខ។
ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ក៏បានរំលេចនូវបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលសាកលវិទ្យាល័យទាំងឡាយត្រូវជួបប្រទះ និងជាប្រធានបទដែលបានលើកឡើង ក្នុងការពិភាក្សាតុមូលចំនួន៣៖ គុណភាពនៃការបណ្ដុះបណ្ដាល និងការស្រាវជ្រាវ, ការទទួលបានការងាររបស់និស្សិត ដែលបានបញ្ចប់ការសិក្សា និងតួនាទីរបស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍន៍ជារួម និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដូចអ្វីដែលលោក Jean-Paul de Gaudemar សាកលវិទ្យាធិការរបស់AUF បានលើកឡើង គឺការឯកភាពគ្នាមួយច្បាស់លាស់ នៃមហាសន្និបាតនោះផ្តោតលើប្រធានបទ «បេសកកម្មសង្គម នៃសាកលវិទ្យាល័យ» ដែលកើតចេញ មកពីទិវាវិទ្យាសាស្ត្រ។
នាឱកាសនោះដែរ មានការបង្ហាញនូវគំនិតផ្តួចផ្តើមជាសំខាន់របស់ AUF គឺ IDNEUF ជាផែនទីនៃការសិក្សាវិភាគ និងផ្ទុកទិន្នន័យជាភាសាបារាំង។ បទបង្ហាញបានធ្វើឲ្យអ្នកចូលរួមទាំងឡាយ ចាប់អារម្មណ៍ និងបង្ហាញនូវបំណងចង់ឲ្យឧបករណ៍នេះ ដំណើរការ និងអភិវឌ្ឍន៍ បានឆាប់តាមដែលអាចធ្វើបាន។ ទាំងនេះគឺជា «ដំណោះស្រាយនៃការប្រើប្រាស់ ភាសាបារាំងនៅឧត្តមសិក្សា» ដែលត្រូវបានឯកភាពនៅ ទីក្រុងម៉ារ៉ាកេស។
នាថ្ងៃចុងក្រោយ សមាជិកពេញសិទ្ធិទាំងឡាយរបស់ AUF បានបោះឆ្នោតជ្រើសរើសលោក Sorin Mihai Cimpeanu ជាប្រធានថ្មីសំរាប់អាណត្តិ៤ឆ្នាំ ជាមួយសម្លេង១៣៣ ឈ្នះលោកស្រី Ana Gutu ដែលទទួលបានតែ១១៣សម្លេង។ លោកស្រីជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យសេរីអន្តរជាតិ នៃទីក្រុងម៉ុលដាវី(ULIM)។ លោក Sorin Mihai Cimpeanu នឹងបន្តតំណែងជំនួសលោក Abdellatif Miraoui សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកាឌីអាយ៉ាតនៃទីក្រុងម៉ារ៉ាកេស។
លោក Sorin Cimpeanu ធ្លាប់ជារដ្ឋមន្ត្រីក្រសួងអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រពីឆ្នាំ២០១៤ ដល់២០១៥ និងជានាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសរ៉ូម៉ានី។
សាកលវិទ្យាធិការ នៃទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានកោតសរសើរប្រធានថ្មីថា៖ «ខ្ញុំប្រាកដថា យើងនឹងបង្កើតរួមគ្នានូវយន្តការ មួយដ៏មានប្រសិទ្ធិភាព»។ លោកក៏បានថ្លែងអំណរគុណដល់លោកស្រី Ana Gutu ដែលចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរបស់ AUF និងបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ក្នុងបុព្វហេតុនៃការប្រើប្រាស់ភាសាបារាំងនៅតាមសាកលវិទ្យាល័យ។
ប្រធានដែលជឿជាក់លើកម្លាំងយុទ្ធសាស្ត្រថ្មីរបស់ AUF ក្នុងសេចក្តីប្រកាសជាលើកដំបូងរបស់លោក Sorin Cimpeanu ក្នុងនាមជាប្រធានថ្មីរបស់ AUF លោកបានថ្លែងអំណរ គុណដល់សមាជិកទាំងអស់ ដែលបានផ្តល់សេចក្តីជឿជាក់លើលោក។ លោកក៏បានឯកភាពទាំងស្រុង ចំពោះយុទ្ធសាស្ត្រថ្មីរបស់ AUF និងឆន្ទៈរបស់លោកក្នុងការសហការយ៉ាងជិតស្និតបំផុត ជាមួយលោកសាកលវិទ្យាធិការ ដើម្បីសំរេចឲ្យបានយុទ្ធសាស្ត្រនេះ៖ «ខ្ញុំបានវិនិយោគក្នុងយុទ្ធសាស្ត្រនេះ ពីព្រោះខ្ញុំជឿជាក់លើកម្លាំងនៃយុទ្ធសាស្ត្ររបស់ AUF។ ឥឡូវនេះវាមានសារសំខាន់ដែលត្រូវធ្វើយ៉ាងណា អោយអ្នកសំរេចចិត្តទាំងឡាយ ទទួលយកនូវភាពចាំបាច់ក្នុងការសម្រេចបាននូវស្នាដៃដែលផ្តើមចេញពីយុទ្ធសាស្ត្រនេះ។ ខ្ញុំសូមធានាចំពោះលោកអ្នកនូវការប្រមែប្រមូលគ្រប់លទ្ធភាព ដែលខ្ញុំមានជាមួយលោកសាកលវិទ្យាធិការ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះទំនុកចិត្ត ដែលលោកអ្នកបានផ្តល់មកលើរូបខ្ញុំ» ។
ស្តីអំពី AUF ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) គឺជាសមាគមពិភពលោក នៃសាកលវិទ្យាល័យ ដែលប្រើភាសាបារាំងបង្កើតឡើងជាង៥០ឆ្នាំមកហើយ។ ទីភ្នាក់ងារនេះ ប្រមូលផ្តុំសាកលវិទ្យាល័យប្រមាណ៨៥០គ្រឹះ ស្ថានដែលមានវត្តមាន នៅលើទ្វីបទាំង៥ ស្ថិតនៅក្នុងប្រទេសជាង១០០។ AUFក៏ជាប្រតិបត្តិករនៃអង្គការអន្តរ ជាតិដែលប្រើប្រាស់ភាសាបារាំង ដើម្បីការអប់រំជាន់ខ្ពស់និងការស្រាវជ្រាវ។ ទីភ្នាក់ងារឧត្តមសិក្សាមាននាទីជំរុញការនិយមភាសាបារាំង នៅតាមសាកលវិទ្យាល័យ ដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ដើម្បីសម្រេចបាននូវផែនការណ៍ សកម្មភាពរបស់ខ្លួនAUF អភិវឌ្ឍភាពជាដៃគូរជាមួយអង្គការផ្សេងៗ (អង្គការអ៊ុយណេស្កូ សហភាពអ៊ឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុននៃវិស័យឯកជន… ។ល។)។ សំរាប់ពត៌មានបន្ថែម៖ www.auf.org៕