(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៦០០០នាក់ មកពីឃុំចំនួន៣ មានឃុំភូមិថ្មី ឃុំគំរូ ឃុំថ្មពួក នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងដំណើររួមគ្នាឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរ ចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជារបស់យើង។
ថ្លែងទៅកាន់អ្នកចូលរួម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងរំលឹកពីអនុស្សាវរីយ៍ពីអតីតកាល ដែលតំបន់នេះជាសមរភូមិសង្រ្គាមច្បាំងគ្នារវាងខ្មែរ និងខ្មែរគ្នាឯង។ លោកបានថ្លែងបញ្ជាក់ថា «ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែ សង្រ្គាមលើទឹកដីខ្មែរទាំងមូល ត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ សន្តិភាព សន្តិសុខនេះបានបន្តមកដល់សព្វថ្ងៃ ធ្វើឲ្យប្រទេសកម្ពុជា មានឱកាសធ្វើការអភិវឌ្ឍប្រទេស ដែលខ្ទេចខ្ទាំមួយនេះឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសសៃឈាមសង្គមត្រូវ បានកសាងស្តារឡើងវិញ ហើយការអភិវឌ្ឍនេះ គឺជាបាតដៃរបស់គណបក្យប្រជាជន ដែលកើតពីប្រជាជន បម្រើប្រជាជនតែមួយគត់ ហើយគ្មានបាតដៃរបស់បក្យប្រឆាំងទេ»។
ថ្លែងក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គពិធីយើងទាំងមូលក្រោកឈរស្មឹងស្មាតចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីជីវិតក្នុងបេសកម្មអង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាលនាពេលថ្មីៗនេះ។ ឆ្លៀតក្នុងពេលនោះ ឧបនាយករដ្ឋមន្ត្រី បានក្រើន រំឭកដល់ប្រជាពលរដ្ឋទាំងអស់ ចាប់ពីអាយុ១៨ឡើងទៅត្រូវទៅបោះឆ្នោត អាណត្តិទី៤ ជ្រើសរើស ឃុំ-សង្កាត់ឲ្យបានគ្រប់គ្នា ហើយបោះឲ្យត្រូវចំគណបក្យណាដែលតែងតែរួមសុខទុក្ខ និងជួយបងប្អូនពេលជួបការលំបាកដើម្បីបន្តការអភិវឌ្ឍជាមួយគ្នាតទៅទៀត និងសូមអំពាវនាវឱ្យមានការចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀនដោយមិនជួញដូរ មិនចែកចាយ មិនចរាចរ មិនរក្សាទុក និងមិនប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំសាកគ្រឿងញៀនសូម្បីតែម្តងព្រោះថា គ្រឿងញៀននេះវាបំផ្លាញសុខភាព អនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ៕
មុននឹងបព្ចាប់ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានផ្តល់នូវអំណោយឧបត្ថម្ភជូនសមាជិក~សមាជិកា ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ គណបក្សទាំង៣ឃុំ ក្នុងមួយឃុំៗទទួលបានថវិកា១លានរៀល, ប្រគេនបច្ច័យវត្តពោធិរាមថ្មពួកចំនួន១លានរៀល , យុវជនស្រុកថ្មពួក១លានរៀល និងមន្ទីរពេទ្យបង្អែកស្រុកថ្មពួកថវិកា៥០មុឺនរៀល៕