(ភ្នំពេញ)៖ ពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យករ និងការតុបតែងនៅកម្ពុជា» ដែលនឹងប្រព្រឹត្តិទៅចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ត្រូវបានគេរំពឹងថា នឹងផ្ដល់ឱកាសដ៏ល្អដល់ស្ថាបត្យករ និងការតុបតែង ដោយនាំមកនូវការរចនាដ៏ល្អបំផុត និងសំបូរបែបមកកាន់កម្ពុជា។ ពិធីប្រកាសរៀបចំពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យករ និងការតុបតែងកម្ពុជា»នេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដោយមានការផ្ដល់កិត្តិយសចូលរួមពីលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិព័រណ៍ពាណិជ្ជកម្មពិសេសនេះ នឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ។
លោក Ajinveat Vhongthong ជាប្រធានគម្រោងមកពីក្រុមហ៊ុន ICVeX និងជាអ្នករៀបចំការតាំងពិព័រណ៍នេះ បានថ្លែងឲ្យដឹងថា «យើងបង្កើតពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជានេះឡើង ដើម្បីជួយដល់អ្នកជំនាញនានា ក្នុងការបង្កើតបណ្តាញជាមួយ និងអតិថិជនសក្តានុពលគោលដៅ បង្កើតទំនាក់ទំនងថ្មី និងកំណត់នូវឱកាសថ្មីៗនៅលើទីផ្សារ។ បើយោងតាមការស្ទង់មតិ នៃពិពិរណ៍កាលពីឆ្នាំមុន ពិព័រណ៍ត្រូវបានរំពឹងទុកថា នឹងបង្កើតអាជីវកម្មមានតម្លៃជាង១៨លានដុល្លារក្នុងឆ្នាំ ២០១៦»។
លោក Vhongthong បន្តទៀតថា «យើងបង្កើតព្រឹត្តិការណ៍នេះដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ២០១៤ ហើយវាទទួលបានជោគជ័យដ៏អស្ចារ្យ។ យើងដឹងថា វេទិកានេះអាចធ្វើឲ្យប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ខ្ពស់។ អ្នកតាំងពិព័រណ៍អន្តរជាតិ នឹងតាំងបង្ហោញអំពីគំនិតច្នៃប្រឌិត និងផលិតផលល្អឥតខ្ចោះ។ នៅឆ្នាំ២០១៦ គម្រោងអភិវឌ្ឍន៍មានតម្លៃស្មើនឹង ៨.៥ប៊ីលានដុល្លារ ត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា។ ការរីកចម្រើនដ៏ខ្លាំងក្លានេះ នាំឲ្យមានការកើនឡើង នូវតម្រូវការក្នុងវិស័យស្ថាបត្យករ និងការរចនាផ្នែកខាងក្នុង!»។
ដោយឡែកលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងសាទរ និងចូលរួមលើកទឹកចិត្តដល់ព្រឹត្តិការណ៍នេះ ប៉ុន្តែលោកសូមឲ្យស្ថាបត្យករ ទាំងអស់សូមគិតគូឲ្យមានល្អិតល្អន់ពីបញ្ហាគុណភាពសំណង់ និងធ្វើបែបណាឲ្យរចនាបទជារបស់ខ្មែរ។ លោកសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា បានទទួលនូវសុខសន្តិភាពពេញលេញ ព្រោះតែការដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលបង្កបរិយាកាសដល់ក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងប្រទេស ដោយមិនភ័យខ្លាច។ ជាក់ស្ដែងវិស័យសំណង់ នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា មានការរីកដុះដាលឡើងព្រោងព្រាត ពេញទីក្រុងភ្នំពេញ។ អគារខ្ពស់កំពុងសាងសង់យ៉ាងច្រើន ដែលបង្ហាញយ៉ាងច្បាស់ថា ប្រទេសជាតិកំពុងតែមានសេដ្ឋកិច្ចរីកចម្រើន។
សូមបញ្ជាក់ថា ដើម្បីរៀបចំការតាំងពិព័រណ៍នេះ ក្រុមហ៊ុន ICVeX បានចាប់ដៃគូជាមួយនឹងសមាគមស្ថាបត្យករកម្ពុជា (CSA) ហើយអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឲ្យចូលរួមក្នុងកម្មវិធី។ សមាគមស្ថាបត្យករកម្ពុជា ក៏ឆ្លៀតឱកាសរៀបចំការប្រកួតប្រជែង ផ្នែករចនារបស់ CSA ឆ្នាំ២០១៧ ដើម្បីប្រគល់រង្វាន់ដល់អ្នក ដែលមានគំនិតល្អបំផុតផ្នែកសិល្បៈ និងស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។ បេក្ខជនដែលជ្រើសរើស ឲ្យទទួលរង្វាន់ នឹងត្រូវបង្ហាញនៅពេលតាំងពិព័រណ៍ ហើយកម្មវិធីប្រគល់រង្វាន់ នឹងប្រារព្ធធ្វើឡើង នាពេលពិសារអាហារពេលល្ងាច ដើម្បីបង្កើតបណ្តាញជាមួយស្ថាបត្យករ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕