(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សាជូនុសិស្ស និងប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងស្រុកកោះធំ ធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងសូត្រមន្តបង្សុកូលជូនដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ពិធីនេះគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការរំលឹកនូវភាពឈឺចាប់ក្នុងរបបដ៏សែនឃោរឃៅនេះ បានធ្វើឡើងនៅស្តូបតម្កល់អដ្ឋិធាតុពោធិ៍ទន្លេ ឃុំកោះធំ «ក» ស្រុកកោះធំ ខេត្តកោះធំ។ មុននឹងការចាប់ផ្តើមប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ តាមបែបព្រះពុទ្ធសាសនា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួមនិងអ្នកចូលរួមទាំងអស់ បានក្រោកឈរស្មឹងស្មាធិ៍ ជាមួយទឹកមុខដ៏ក្រៀមក្រំ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបអាវខ្មៅប៉ុលពត។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ប្រវត្តិសាស្រ្តកម្ពុជា និងបេះដូងកូនខ្មែរគ្រប់រូប បានហែលឆ្លងក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ និងបានកត់ត្រាទុក និងចារជាប់យ៉ាងច្បាស់លាស់មិនអាចស្រពិចស្រពិល និងបំភ្លេចបានឡើយនូវមហាសោកនាដកម្ម មហាវិនាសកម្ម ធ្វើឲ្យជីវិតប្រជារាស្រ្តរាប់លាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស បែកបាក់ ឈឺផ្សារ ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា ជាជនពិការជាដើម។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកជាច្រើន ក៏ត្រូវបានស្លាប់នៅក្នុងរបបដ៏សែនប្រល័យនេះផងដែរ។
«មាតា បិតា ទាំងឡាយ ដែលមានទឹកចិត្តករុណា សណ្តោសប្រណីដល់បុត្រភ្ញា មហាសែនស្លុតរន្ធត់ស្រឡាំងកាំង ឡប់ស្មារតី ពេលវាចាប់ប្រឡេះកូនសម្លាញ់ពីដើមទ្រូងយកទៅសម្លាប់ម្តងមួយ ម្តងមួយមុនពេលវាច្រានទម្លាក់ទៅក្នុងរណ្តៅស្លាប់ជាអវសាន្ត។ ឱបងប្អូនជនរួមជាតិទាំងឡាយ អ្នកមានកំហុសអ្វី? បានជាត្រូវពួកគេសម្លាប់អស់ទាំងពូជយ៉ាងនេះ»។ លោក ស៊ុន ចាន់ថុល បានថ្លែងជាមួយភាពក្តុកក្តួលក្នុងពេលប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ។
ប្រជាពលរដ្ឋខ្មែរក្នុងស្រុកកោះធំ ដែលបានស្តាប់សារដ៏សែនវិយោគរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ហើយ ធ្វើឲ្យពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបដ៏សែនវេទនានេះទប់អារម្មណ៍មិនបាន ទឹកភ្នែកក៏រមៀលធ្លាក់ទាំងមិនដឹងខ្លួន។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីប្រឹងប្រែងតស៊ូយ៉ាងលំបាក ដើម្បីរំដោះជាតិចេញពីរបបប៉ុលពត ពីសំណាក់ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានដូចជា សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហានដែលដឹកនាំដោយប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យរបបនេះដួលរលំទៅនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយក៏ផ្តល់ឱកាសឲ្យរស់រានមានជីវិតជាថ្មី និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងចេញគំនរផេះជាបន្តបន្ទាប់ រហូតបានរីកចម្រើនដូចពេលបច្ចុប្បន្ន»។
លោក ស៊ុន ចាន់ថុល ក៏បានអំពាវនាវសូមឲ្យស្មារតី ២០ ឧសភា ដែលជាថ្ងៃកាន់មរណទុក្ខជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ស្ថិតនៅជាបុព្វហេតុពិតប្រាកដក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូប ដើម្បីបណ្តុះទឹកចិត្តតស៊ូ ប្រមូលផ្តុំថាមពល ពុះពាររាល់ឧបសគ្គ មិនឲ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មីនៅកម្ពុជាទៀតឡើយ តស៊ូឆ្ពោះទៅរកការឯកភាពជាតិទូលំទូលាយ ដើម្បីការពារ និងកសាងមាតុភូមិកម្ពុជា អភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្ត៕