(បន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរ ១០នាក់ ក្នុងចំណោម ១៩នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួនពេលឆ្លងដែនទៅកាប់ឈើគ្រញូងនោះ ត្រូវបានមន្រ្តីខ្មែរជួយអន្តរាគមន៍ និងបាននាំមកដល់កម្ពុជាវិញហើយ នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ១០នាក់នេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ពេលពួកគេឆ្លងដែនទៅកាប់ឈើគ្រញូង នៅឧទ្យានជាតិប៉ាងស៊ីដា ស្ថិតភូមិណយ ឃុំថាយែក ស្រុកមឿងសាកែវ ខេត្តសាកែវ ប្រទេសថៃ។

ក្រោយការសម្របសម្រួលពីមន្រ្តីនៅស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ អាជ្ញាធរថៃ ក៏បានដោះលែងពួកគេវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយទាមទារឲ្យបង់ការផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់។ ពលរដ្ឋខ្មែរទាំង ១០នាក់នេះ គឺសុទ្ធតែជាអ្នកខេត្តបន្ទាយមានជ័យ។ ពលរដ្ឋទាំង ១០នាក់ ទី១. ឈ្មោះ ពេជ្រ ម៉ី ភេទប្រុស អាយុ២៦ឆ្នាំ, ទី២. ឈ្មោះសល់ ភា ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៣. ឈាវ ធី ភេទប្រុស អាយុ២៣ឆ្នាំ, ទី៤. ឈ្មោះទី អៀប ភេទប្រុស អាយុ ២៣ឆ្នាំ, ទី៥. ឈ្មោះ ថន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ,ទី៦. ឈ្មោះ វីន សល់ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៧. ឈ្មោះ នេត្រ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ, ទី៨. ឈ្មោះ គឹម មឿន ភេទប្រុស អាយុ២៥ឆ្នាំ,ទី៩. ឈ្មោះ ថុល ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ និងទី១០. ឈ្មោះ វ៉េត អ៊ុន ភេទប្រុស អាយុ៣០ឆ្នាំ។

ក្នុងពេលបញ្ជូនមកដល់ទឹកដីកម្ពុជាវិញ អាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើការអប់រំដល់ពលរដ្ឋខ្មែរទាំង ១០នាក់នោះ ឲ្យបញ្ឈប់ការលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើបែបនេះបន្តទៀត។ មន្រ្តីបានបញ្ជាក់ថា នេះជាសំណាងដែលអាជ្ញាធរថៃឃាត់ខ្លួន ហើយមិនធ្វើបាញ់ប្រហារ បើខាងអាជ្ញាធរបាញ់ប្រហារវិញ អាចធ្វើឲ្យអ្នកខ្លះស្លាប់ចោលប្រពន្ធកូនជាមិនខាន។

ក្រៅពីពលរដ្ឋ ១០នាក់នេះទៅ នៅសល់ពលរដ្ឋខ្មែរ ៩នាក់ផ្សេងទៀត កំពុងជាប់ឃុំក្នុងរឿងលួចចូលទៅកាប់ឈើគ្រញូងផងដែរ មន្រ្តីអគ្គកុងស៊ុលខ្មែរកំពុងបន្តជួយសម្របសម្រួល៕