(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំជាមួយស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ ដើម្បីបន្ដផ្សព្វផ្សាយផែនការ ការពារយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំអគ្គស្នងការនេះ ក៏មានការចូលរួមពី ស្នងការរងទូទាំង២៥រាជធានី-ខេត្ត ដែលពាក់ព័ន្ធផងដែរ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ នេត សាវឿន ធ្លាប់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំងនគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់។
បើតាមនាយឧត្តមសេនីយ៍ សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់៕