(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Tun.Dr.Abdullah Ahmad Badawi បានសម្តែងការសាទរ និងស្ញប់ស្ញែងចំពោះការ រីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងដូច្នេះក្នុងពេលរូបលោកដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា លោក Tun.Dr.Abdullah Ahmad Badawi បានអបអរសាទរចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក Tun.Dr.Abdullah Ahmad Badawi នាយកប្រតិបត្តិនៃវិទ្យាស្ថានស្វែងយល់អ៊ីស្លាមម៉ាឡេស៊ី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ ដើម្បីដឹកនាំគណៈប្រតិភូវិទ្យាស្ថានស្វែងយល់អំពីឥស្លាមម៉ាឡេស៊ី មកស្វែងពីស្ថានភាពទូទៅរបស់កម្ពុជា ជាពិសេសពិសេសស្វែងយល់ពីការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រ និងផ្តល់ឱកាសគ្រប់យ៉ាងដល់បងប្អូនខ្មែរឥស្លាម រួមទាំងការសិក្សាអប់រំ ការប្រកប ការងារ និងការប្រតិបត្តិសាសនាដោយគ្មានការរើសអើង។
សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនប្រតិភូទាំងមូលអំពីនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលតាមរយៈនយោបាយនេះ បាននាំមកនូវសុខសន្តិភាព និងស្ថិរភាព ជាមួយនឹងកំណែទម្រង់ដែលរាជរដ្ឋាភិបាល បានដាក់ធ្វើឲ្យប្រទេសជាតិ រីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានជំរាបជូនប្រតិភូអំពីបេសកកម្មរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមរក្សាសន្តិភាព ពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនគណៈប្រតិភូអំពីសុខដុមនីយកម្មខាងសាសនានៅកម្ពុជា ដែលគ្រប់សាសនាទាំងអស់ រួមទាំងសាសនាឥស្លាម ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដូចៗគ្នា៕