(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកប្រកាសថា «គណបក្សប្រជាជនកម្ពុជាហ៊ាននិយាយ គឺហ៊ានធ្វើ» មិនដូចគណបក្សដ៏ទៃទេនោះទេ ដែលពូកែដើរសន្យាចោល។ ជាក់ស្ដែង ប្រជាពលរដ្ឋ១៧៥គ្រួសាររស់នៅជាប់ផ្លូវលេខ១៨០០ ក្នុងសហគមន៍បឹងឈូក ក្រុម១៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ លើដីសាធារណៈរបស់រដ្ឋ ជាយូរឆ្នាំមកហើយនោះ នឹងទទួលបានដីឡូត៍ស្របច្បាប់គ្រប់ៗគ្នា ជាជំហ៊ានទី១ ដែលមានបណ្ដោយ១៥ម៉ែត្រ និងទទឹង៤ម៉ែត្រ។

ការទទួលបានដីឡូតិ៍ពីរដ្ឋខាងលើនេះ បន្ទាប់ពីបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី២លោក អ៊ុក ខេមា បានធ្វើលិខិតស្នើសុំមួយ ក្នុងការជួយពន្លឿនផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ តាមរយៈសាលាខណ្ឌឫស្សីកែវ និងបញ្ជូនបន្តទៅលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងជម្រាបជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យជួយអន្តរាគមន៍។

លោក ជា ពិសី បានបញ្ជាក់ថា បន្ថែមពីនេះផ្លូវដី១ខ្សែមានប្រវែង៣៥២ម៉ែត្រ និងទទឹង៨ម៉ែត្រ ដែលប្រជាពលរដ្ឋជាច្រើនគ្រួសារពិបាកធ្វើដំណើរ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ក៏ត្រូវបានដាក់ឲ្យដំណើរការស្ថាបនា ជាផ្លូវបេតុងឆ្អឹងដែកផងដែរ ហើយមានកម្រាស់១,១៥ម៉ែត្រ ដោយប្រើប្រាស់មូលនិធិរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ចំណាយអស់ថវិកាចំនួន ៦០១,១៦៧,៩០០រៀល ដោយសាលារាជធានីភ្នំពេញ បានផ្ដល់អទិភាពជាកញ្ចប់ថវិកាឲ្យមកសាលាខណ្ឌឫស្សីកែវ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានបន្តចុះទៅសំណេះសំណាលសួរសុខទុក្ខ ដោយពាំនាំយកនូវគ្រឿងឧបភោគបរិភោគមានជាអង្ករជិត២តោន ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា ចំនួន១៩៥គ្រួសារ ស្ថិតលើផ្លូវ១៨០០ ក្នុងតំបន់មិនរៀបរយក្នុងសហគមន៍បឹងឈូក ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងបន្តចែកសារ៉ុងចំនួន៣០០គ្រួសារទៀត ជូនពលរដ្ឋស្ថិតនៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដើម្បីទុកជាអនុស្សាវរីយ៍ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវដី១ខ្សែ ឲ្យទៅជាផ្លូវបេតុង ដោយប្រើប្រាស់មូលនិធិថវិការបស់រដ្ឋបាលខណ្ឌឫស្សីកែវឆ្នាំ២០១៧ ក្នុងការជួយសម្រាល ដោះស្រាយបញ្ហាជីវភាពរស់នៅផ្សេងៗប្រចាំថ្ងៃ និងជួយសម្រួលទាំងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង២។

ក្នុងដំណើរចុះសួរសុខទុក្ខចែកអង្ករ និងសារ៉ុងខាងលើនេះដែរ បានរៀបចំធ្វើឡើងជាបន្តបន្ទាប់នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមដំណើរពីលោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ លោក ប៊ុន ឡុង ប្រធានការិយាល័យ សុរិយោដី ភូមិបាលខណ្ឌឫស្សីកែវ នាយករងរដ្ឋបាលខណ្ឌ លោក អ្នក បូរ បេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី២ លោក អ៊ុក ខេមា និងលោក ហ៊ុយ ម៉ូរ៉ា បេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ រួមនិងលោក-លោកស្រីជាបណ្ដាញសមាគមននារីខណ្ឌ-សង្កាត់-ភូមិ-ក្រុមជាច្រើននាក់ផងដែរ។

លោក ជា ពិសី បានថ្លែងថា មិនយូរទៀតទេក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រាកដជាមានគេដើរឃោសនា ដើម្បីឲ្យយើងបោះឆ្នោតឲ្យគេហើយ ហើយគេនិងសន្យាឲ្យនេះឫឲ្យនោះ ពិសេសសន្យាឲ្យលុយចំនួន៤ម៉ឺនរៀលសម្រាប់ចាស់ៗ និងអាចលើសពីនេះផងមិនដឹង ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់កុំជឿឲ្យសោះ ព្រោះពួកទាំងនោះ មានជំនាញពូកែខាងសន្យាញុះញង់បោកប្រាស់ ពិសេសគ្មានសមត្ថភាពឡើយ ហើយសូមកុំភ្លេចទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាផង «ពោលគឺនៅសល់តែជាង១០ថ្ងៃទៀត​ប៉ុណ្ណោះ គឺជាថ្ងៃ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»។

លោកអភិបាលខណ្ឌបន្តថា សូមជួយផ្ដល់សេចក្ដីទុកចិត្ត​ជូនបេក្ខភាពលោកចៅសង្កាត់ផង គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាយើង ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំ និងនាំមកនូវសុខសន្តិភាពពេញ បរិបូរដូចបច្ចុប្បន្ន មានការអភិវឌ្ឍន៍ ហើយធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូធា និងមានការកើនឡើងនូវសមទ្ធិផលយ៉ាងច្រើន ដែលមិនអាចគណនាបានទូទាំងកម្ពុជា។

ក្រោយសំណេះសំណាលសួរសុខទុក្ខលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោកស្រី អាន ផល្លា និងថ្នាក់ដឹកនាំមួយចំនួនទៀត ក៍បានជួយឧបត្ថម្ភផ្ដល់នូវអង្ករជិត២តោន ជូនប្រជាពលរដ្ឋ១៩៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន១០គីឡូក្រាម រួមទាំងបន្តចែកសារ៉ុងជូនប្រជាពលរដ្ឋ៣០០គ្រួសារទៀត ដោយក្នុង១គ្រួសារទទួលបានសារ៉ុង១ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងជាចំណងដៃអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕