(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា អាជ្ញាធរស្រុកឃុំ និងមន្ត្រីជំនាញ ត្រូវចាត់វិធានការដោយគ្មានការលើកលែង ចំពោះសកម្មជនដីធ្លី និងជនចំណាកស្រុកទាំងឡាយណា ដែលបំផុសបំផុល និងមានបំណងញុះញង់ ឲ្យប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ។ លោកថា នឹងផ្តល់លទ្ធភាពចំពោះប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលគ្មានដីពិតប្រាកដ ដោយឡែកប្រជាពលរដ្ឋ ដែលមានដីអាស្រ័យផលហើយត្រូវបន្តអាស្រ័យ ហាមកាប់រាន និងហាមជាដាច់ខាតលក់ឲ្យអ្នកចំណាកស្រុក។
ការលើកឡើងរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាអូរសោម ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមជាង៣០០នាក់ ក្នុងឃុំអូរសោម ស្រុកវាលវែង ដោយបានការចូលរួមពីលោក ចេង ឡៃ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុកឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី៣ហើយ ដែលលោកបានជួបសំណេះសំណាលជាមួយបងប្អូន ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ហើយឃុំអូរសោម គឺជាឃុំដែលលោកមកដល់ដំបូងគេបង្អស់ ចាប់តាំងពីលោកបានមកដឹកនាំយន្តការក្នុងខេត្តពោធិ៍សាត់។ ជាការពិតណាស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាង ដែលទទួលបាននូវសមិទ្ធិផលជាច្រើន ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជា ទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបានជាង៥០លានម៉ែត្រគូប, ផ្លូវជាតិលេខ៥៥ ដែលនឹងកំពុងស្ថាបនាបាន៨០%ហើយ តភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ព្រំប្រទល់កម្ពុជាថៃ ឃុំថ្មដា ស្រុកវាលវែង, ផ្លូវលំជនបទក្រាលកៅស៊ូ ចំនួន១០ខ្សែ ប្រវែង១២៥,៥គីឡូម៉ែត្រ និងសមិទ្ធផលផ្សេងៗទៀត។
លោកអភិបាលខេត្ត បានបន្ថែមថា «វារីអគ្គិសនីអាចដំណើរការទៅបាន ដោយសារយើងមានធនធានធម្មជាតិជាច្រើន(ព្រៃឈើ) ទើបបង្កើតបានជាទឹក ដូច្នេះហើយសូមបងប្អូនរក្សាស្ថានភាពដើម ដោយបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃ និងកោរភ្នំធ្វើជាកម្មសិទ្ធិបន្តទៀត ត្រូវគិតពីប្រយោជន៍រួម និងផលប្រយោជន៍ជាតិជាធំ»។
ជាមួយគ្នានោះលោកបានរំលឹកថា នៅសល់ជិត២០ថ្ងៃទៀតទេ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូចនេះសូមបងប្អូនត្រូវថែរក្សា ឯកសារពាក់ព័ន្ធ នឹងការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទៅតាមឆន្ទះរបស់ខ្លួន។
ជាចុងបញ្ចប់លោក ម៉ៅ ធនិន បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ទៅតាមសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមនៅទីនោះ ប្រកបដោយជោគជ័យ និងជឿជាក់ផងដែរ៕