ជួយសម្រាលបន្ទុករាជរដ្ឋាភិបាល និងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍, ក្រុមហ៊ុន ជីប ម៉ុង លែន បានឧត្តម្ភផ្លូវបេតុងមួយខ្សែប្រវែង៤៩០ម៉ែត្រ នៅខណ្ឌសែនសុខ
18-05-2017 19:10
(ភ្នំពេញ)៖ នៅទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ដើម្បីចូលរួមកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល បានឧបត្តម្ភផ្លូវបេតុងផ្លូវលេខ១៩២៦ ប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ពិធីបើកការដ្ឋាននេះត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ជីប ម៉ុង លែន លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្រុមហ៊ុន ជីប ម៉ុង លែន សង្ឃឹមថា ការឧបត្ថម្ភផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះឲ្យមានភាពងាយស្រួលជាងមុន ខណៈរដូវវស្សារឈានជិតមកដល់ ក៏ដូចជាជួយកាត់បន្ថយភាពកកស្ទះនានាផងដែរ។
ក្រៅពីការឧបត្ថម្ភទាំងស្រុងការស្ថាបនាផ្លូវបេតុងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏នឹងផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ការងារ ដាក់លូតាមបណ្តោយ ផ្លូវនេះផងដែរ៕