(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋបានប្រទះឃើញ គំនរឈើប្រភេទប្រណិតធ្នង់ចំនួន៤០៦ដុំ ដែលក្រុមឈ្មួញដឹកជញ្ជូន ចេញពីព្រៃតំបន់ក្នុងដែនជំរកសត្វព្រៃ ភ្នំសំកុស យកមកទម្លាក់ទុក ក្នុងព្រៃខាងក្រោយភូមិ ដែលនៅមិនឆ្ងាយពី​ទីស្នាក់ការបរិស្ថានស្រែពាំងប៉ុន្មាននោះទេ។ បន្ទាប់ពីប្រទះឃើញភ្លាម ក្រុមប្រជាពលរដ្ឋ ក៏បានរាយការណ៍​ប្រាប់កងកម្លាំងកងរាជអាវុធហត្ថដើម្បីអនុវត្តន៍បន្ត។

ប្រតិបត្តិការខាងលើ បានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចដូននាគក្នុងព្រៃ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា គំនរឈើអារជាសន្លឹកៗ និងឡាំងជ្រុងខ្លីរវែង ដែលគេសង្ស័យឈ្មួញដឹកយកមកទម្លាក់ទុក ដើម្បីដឹកទៅចែកចាយបន្ត  ឈើជាប្រភេទប្រណិតធ្នង់មានចំនួន៤០៦ដុំ ចំនួន១០.២០៨គីឡូក្រាម ស្មើរនឹងចំនួន៧,៥៦១ម៉ែត្រត្រីគុណ។

ចំពោះវត្ថុតាងឈើប្រភេទប្រណិតធ្នង់ទាំងអស់ ត្រូវបានបង្រ្កាប ដឹកតាមរថយន្តកែច្នៃចំនួន២គ្រឿង ដើម្បីយកទៅប្រគល់ឲ្យមន្រ្តីបរិស្ថាន និងរក្សាទុកនៅទីស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ៕