(បន្ទាយមានជ័យ​)៖ នៅល្ងាចថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៧​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ សមាជិកអចិន្រ្តៃយ ​និងជាប្រធាន​ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ​ បានចុះជួបសំណេះសំណាលជាមួយបងប្អូនខ្មែតឥស្លាម​ នៅ​ឃុំឬស្សីក្រោម​ ស្រុកមង្គលបុរី​។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានអំពាវនាវដល់បងប្អូនទាំងអស់ ឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​នាថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ ហើយបោះឲ្យត្រូវគណបក្សណា ដែលរួមសុខទុក្ខ​ពេលបងប្អូនជួបការលំបាក ​ដើម្បីបន្តការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍជាបន្តទៀត។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ គណបក្យប្រជាជនកម្ពុជា​មានសម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃកម្ពុជា សម្តេចពញាចក្រី ហេង​ សំរិន​ សម្តេចក្រឡាហោម​ ស​ខេង​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនទាំងអស់ ដែលតែងតែគិតគូររួមសុខរួមទុក្ខ ជាមួយសមាជិក​ សមាជិកាគណបក្សប្រជាជនទាំងអស់​។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានរំលឹកពីអនុស្សាវរីយ៍ជូរចត់ នៃរបបអាវខ្មៅ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលជនរួមខែ្មរឥស្លាមយើង​ ត្រូវបានបង្ខំឲ្យធ្វើការងារជាទំងន់​ សាសនា​ត្រូវលុបបំបាត់​ ព្រះវិហារត្រូវបានបំផ្លិចបំផ្លាញ ស្ទើរគ្មាន​សល់​ គឺរស់នៅរងទុក្ខវេទនា ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ​។​ ប៉ុន្តែក្រោយថ្ងៃរំដោះ៧​ ខែមករា​ ឆ្នាំ១៩៧៩​ និងមកដល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរឥស្លាម បានរួចផុតពីការធ្វើទុក្ខបុកម្និញ ហើយត្រឡប់មករួមរស់យ៉ាងសុខសាន្ត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​យើង​។

លោកបន្ថែមទៀតថា​ ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​របស់សម្តេចតេជោ ហ៊ុន​ សែន​ សង្រ្គាមបានរលត់ ហើយបាននាំ មកនូវសុខសន្តិភាពសណ្តាប់ធ្នាប់​សង្គម​ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ​។ ជាមួយគ្នានេះ ​ហេដ្ឋារចនាសម្ព័ន្ធ សង្គមត្រូវបានបង្កើតឡើង យ៉ាងព្រោងព្រាតទន្ទឹមនឹងការរីកចម្រើននេះ​ សាលារៀន​ ព្រះវិហារ​ សាសនាឥស្លាម ក៏បានរីកដុះដាលឡើងវិញ​ និយាយជារួម និងនិយាយដោយឡែក ចាប់ពីឆ្នាំ២០១៥ ​មកទល់បច្ចុប្បន្ននេះមានលោកគ្រូ​ អ្នកគ្រូឥស្លាម ក្របខណ្ឌចំនួន១៥០០នាក់​ ហើយជារៀងរាល់ឆ្នាំសម្តេចតេជោ​ ហ៊ុន​ សែ ​តែងតែចូលរួមពិធីស្រាយបួស (រ៉ាម៉ាដាន់) ជាមួយបងប្អូនខ្មែរឥស្លាមយើង ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងនាមជាជនរួមជាតិមហាគ្រួសារខ្មែរ​។

ចុងបញ្ចប់នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បានផ្តល់អំណោយជូនសមាជិកបងប្អូនខ្មែរឥស្លាម ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា ១ម៉ឺនរៀល និងជួយកសាងសាលារៀនខ្មែរឥស្លាម១ខ្នង់ មាន៥បន្ទប់ ផងដែរ៕