(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចូលរួមជាអនុសាសន៍ចំនួន ៧ចំណុច ដើម្បីពង្រឹងឯកភាព សាមគ្គីភាព និងសុខដុមនីយកម្មសាសនា ដែលមានវត្តមាននៅកម្ពុជា និងដើម្បីអប់រំចិត្តប្រជាបរិស័ទទាំងអស់ ឲ្យប្រព្រឹត្តតែអំពើល្អ សំដៅរួមចំណែកកសាងសង្គមកម្ពុជា ជាទៅរកភាពរីកចម្រើន។
អនុសាសន៍នេះ ត្រូវបានលោកអភិបាលខេត្ត លើកឡើងនាឱកាសចូលរួមជាសហអធិបតីភាព ជាមួយលោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងពិធីបិទអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត លើកទី២៥ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
លោកអភិបាលខេត្ត បានចូលរួមចំណែកផ្តល់នូវប្រសាសន៍ ណែនាំដល់អង្គមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត៖
ទី១៖ សូមគណៈសង្ឃគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និង សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក៏ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់តែរឹងមាំល្អផូរផង់។
ទី២៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើងតាមវិន័យតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាពសាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនាជាគំរូល្អ ដល់ពុទ្ធបរិស័ទ និងចូលរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។
ទី៣៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់យកកិច្ចសហប្រតិបត្តការល្អឡើងថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា ក៏ដូចជាមន្ទីរធម្មការខេត្ត ក្រុង-ស្រុក ដើម្បីសហការបំពេញការងារ ឲ្យកាន់តែទទួលបាននូវលទ្ធផល ប្រកបដោយការយោគយល់គ្នា អធ្យាស្រ័យគ្នាទៅវិញទៅមក។
ទី៤៖ មន្ទីរធម្មការ និងសាសនា និងព្រះមេគណៈទាំងពីរគណៈត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពសាលាពុទ្ធិកសិក្សាគ្រប់កម្រិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលីសំស្រឹ្កត និងចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ មួយដ៏ល្អប្រពៃក្នុងសង្គមជាតិ។
ទី៥៖ មន្ទីរធម្មការ និងសាសនា និងព្រះមេគណទាំងពីរគណៈ ត្រូវយកចិត្តទុកដាក់ពង្រីកការផ្សព្វផ្សាយព្រះធម៌ តាមរយៈកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដើម្បីជួយជំរុញសតិអារម្មណ៍ពុទ្ធបរិស័ទឱ្យប្រព្រឹត្តអំពើល្អ ប្រកាន់សច្ចធម៌ក្នុងសង្គម ជៀសវាងអំពើបាបគ្រប់ប្រភេទ។
ទី៦៖ ព្រះថេរានុត្ថេរៈ សមណសិស្សគ្រប់ព្រះអង្គ ត្រូវបន្តយកចិត្តទុកដាក់ស្វាធ្យាយ រៀនសូត្រធម៌ គោរពព្រះវិន័យ ដើម្បីប្រតិបត្តឲ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ប្រជាពុទ្ធបរិស័ទ។
ទី៧៖ ពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តរួមសាមគ្គីកសាងសង្គម និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿង ដោយជៀសវាងការប្រកាន់បក្សពួក នាំឲ្យបាត់បង់ជំនឿ និងធ្វើឲ្យអាប់ឱនព្រះពុទ្ធសាសនា។ ពិសេសរួមគ្នាកាត់បន្ថយជំលោះផ្សេងៗ ដែលនាំដល់ការបែកបាក់ផ្ទែក្នុង ធ្វើឲ្យជំនឿដ៏ជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍របស់លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ដែលបានលើកឡើងពីការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានការសាមគ្គី រវាងថ្នាក់ដឹកនាំមន្រ្តីរាជការ និងមន្រ្តីសង្ឃគ្រប់ថ្នាក់ ដែលបានខិតខំបំពេញការងាររយៈកាលកន្លងមក បម្រើដល់វិស័យព្រះពុទ្ធសាសនា ជាពិសេសដល់ការរៀបចំអង្គមហាសន្និបាត ឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈ សមនឹងរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ភាគច្រើនលើសលប់នៃប្រជាជនកម្ពុជា ចាត់ទុកព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ។
ក្នុងន័យនេះរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ ក្នុងការរួមចំណែកពង្រឹងសាមគ្គី ការលើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិក ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ នាពេលបច្ចុប្បន្ន និងអនាគត។ រាជរដ្ឋាភិបាល និងពុទ្ធសាសនិកទាំងអស់ នៅតែបន្តការពារ និងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណា ឱ្យកម្លាំងដ៏មានឥទ្ទិពល នៃព្រះពុទ្ធសាសនាបន្តស្ថិតនៅ និងជ្រួតជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរ និងស្ថិតស្ថិរគង់វង្ស ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។