(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុលស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងថា គ្រប់ទីកន្លែងដែលមានប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តគណបក្សប្រជាជនកម្ពុជា ចុះជួយដោះស្រាយទុក្ខលំបាកសម្រាប់ពួកគាត់។
លោកទេសរដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋប្រមាណ ៧០០នាក់ នៅតំបន់ដាច់ស្រយ៉ាលតាមជើងភ្នំដងរ៉ែក បរិវេណវត្តសមារាមថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងថា «រាល់ពេល រាល់វេលា គ្រប់ទីកន្លែង គ្រប់ទិសទី ជិត ឆ្ងាយ ដាច់ស្រយ៉ាលតែងតែមានគណបក្សប្រជាជនកម្ពុជា និងបានអភិវឌ្ឍន៍គ្រប់វិស័យ គ្រប់ទីកន្លែង មិនថាទីក្រុង និងជនបទឡើយ។អាជ្ញាធរមូលដ្ឋាន និងសមាជិក សមាជិកា ត្រូវស្វែងយល់ពីសុខទុក្ខពលរដ្ឋខ្លួនឲ្យបានខ្ជាប់ខ្ជួន មិនថាថ្ងៃ ឬយប់ឡើយ»។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី សេរី កុសល បានចូលរួមឧបត្ថម្ភដល់វត្តថ្មរមៀលមេក្រូ ១ឈុត, ភូមិក្បាលក្របី មេក្រូ ១ឈុត, ដាក់លូ៣ខ្សែរ គៀរលុបក្រឡុកសំបុកមាន់ផ្លូវក្បាលក្របីចំនួន ៥គីឡូម៉ែត្រ និងសមាជិក សមាជិកា ប្រជាពលរដ្ឋប្រមាណជា ៧០០នាក់ទទួលបានសារុង ១ និងថវិកាមួយចំនួន, រួមទាំងផ្តល់ថវិកាដល់ស្ត្រីឆ្លងទន្លេចំនួន ១៦នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល និងសំភារៈមួយចំនួនផងដែរ៕