(ភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ បានធ្លាក់ពីជាន់ទី១២ នៃអគារខុនដូរ «កាហ្សា» ស្ថិតនៅតាមផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែពេលធ្លាក់មកក្រោម ចូលទៅក្នុងអាងទឹក បណ្តាលឲ្យរងរបួស់ធ្ងន់ ហើយត្រូវបានគេបញ្ជួនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ធ្វើការសង្គ្រោះបន្ទាន់ ដែលនេះអាចនិយាយថា ជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់។
យ៉ាងណាក៏ដោយ ករណីដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ច នៅឡើយទេថា រឿងឃាតកម្ម ឬអត្តឃាត ខណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗនារីម្នាក់ ក៏បានធ្លាក់ពីអគារនេះផងដែរ បណ្តាលឲ្យស្លាប់។ នារីរងគ្រោះឈ្មោះ ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត Bridgestone របស់ក្រុមហ៊ុន គង់ នួន។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News ថា ពិតជាមានករណី ធ្លាក់ពីលើអគារខុនដូរនេះមែននៅរសៀលថ្ងៃនេះ ប៉ុន្តែមូលហេតុ នៃការធ្លាក់សមត្ថកិច្ចជំនាញ កំពុងធ្វើការពិនិត្យនៅកន្លែងកើតហេតុនៅឡើយ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង នៅទីតាំងអគារខុនដូរនេះ មាននារីម្នាក់បានលោតកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ បណ្តាលឲ្យស្លាប់។ នារីរងគ្រោះឈ្មោះ សោម ស្រីពេជ្រ អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះលេខ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមូលហេតុនោះ គឺមានជម្លោះជាមួយសង្សារ៕