(ស្ទឹងត្រែង)៖ គណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាស ស្តីពីការបិទទំនប់វារីអគ្គិសនីសេសានក្រោម២ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្ន នៅពេលក្រុមហ៊ុនគ្រោងបិទទឹកបំពេញអាង នៅចុងខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់អ្នកកាសែតថា បច្ចុប្បន្នផ្លូវពង្វាងទឹកនេះ ត្រូវបានក្រុមហ៊ុនវ៉ារី រៀបចំជាចុងក្រោយហើយ ដើម្បីបិទយកទឹកបំពេញអាង នៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបម្រើឲ្យវ៉ារីអគ្គិសនី ដែលត្រូវចាប់ដំណើរការតួប៊ីនទីមួយ ដែលមានអនុភាពស្មើនឹង ៥០មេហ្គាវ៉ាត់។
លោកអភិបាលរងខេត្តបន្តថា ប្រជាពលរដ្ឋ ព្រមទាំងម្ចាស់សំណង់អគារ និងហេដ្ឋារចនាសម្ពន្ធ័សាធារណឯកជនទាំងអស់ នៅក្នុងភូមិសាស្ត្រ នៃភូមិក្បាលរមាសចាស់ ភូមិច្រប់ ភូមិស្រែស្រណុកចាស់ និងភូមិស្រែគរចាស់ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ពេលទឹកឡើងលិច ក្រោយបិទទំនប់។
លោក កៅ វ៉ាងអ៊ីវ តំណាងក្រុមការងារដោះស្រាយផលប៉ះពាល់ របស់ក្រុមហ៊ុនវ៉ារី បានបញ្ជាក់ថា នៅខែកញ្ញានោះ ប្រភពទឹកទន្លេសេសាន អាចឡើងខ្ពស់ពេលបិទទំនប់ ហើយប្រជាពលរដ្ឋរស់នៅខាងលើ ត្រូវត្រៀមលក្ខណៈចាប់ពីពេលនេះតទៅ និងត្រៀមមធ្យោបាយដឹកជញ្ជូន ជម្លៀសសត្វចិញ្ចឹមគ្រប់ប្រភេទ អ្នកនេសាទ និងដំណាំដាំដុះត្រូវប្រមូលផល ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការខូចខាតទ្រព្យសម្បត្តិរបស់ខ្លួន។
លោកតំណាងក្រុមការងារបន្ថែមថា ក្រុមបច្ចកទេសចិន បានរៀបចំកិច្ចការងារ និងគម្រោងបិទទឹកនេះរួចរាល់ហើយ នៅរង់ចាំតែថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពលកំណត់ថ្ងៃ នៅចុងខែកញ្ញាខាងមុននេះ ដើម្បីអញ្ជើញប្រមុខរាជរដ្ឋាភិបាល មកចុចកុងតាក់បិទទឹកទំនប់វារីអគ្គីសនីជាផ្លូវការតែប៉ុណ្ណោះ៕