(កំពង់ស្ពឺ)៖ គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតមកដល់ចរន្ត នៃការចេញរបស់សកម្មជនគណបក្សសង្រ្គោះជាតិ ក៏កាន់តែកក្រើកផងដែរ។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ សកម្មជនគណបក្សសង្រ្គោះជាតិ ១២៤នាក់ទៀតហើយ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបន្តដើរចេញពីបក្សទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
ពិធីទទួលស្គាល់សកម្មជនមកពីគណបក្សសង្រ្គោះជាតិ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្ត រួមនិងក្រុមការងារមាន លោក សួស គង់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារចុះជួយស្រុកភ្នំស្រួច។
លោក វ៉ី សំណាង បានលើកឡើងក្នុងឱកាសនោះថា ការវិលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តបានប្រសើរ។ ក្នុងនាមជាថ្នាក់ដឹកនាំបក្សប្រជាជនក្នុងខេត្ត លោក វី សំណាង បានសម្តែងការស្វាគមន៍ និងចាត់ទុកវត្តមានសមាជិកថ្មីមកពីគណបក្សសង្រ្គោះជាតិ បានធ្វើឲ្យពលរដ្ឋជាច្រើនយល់ច្បាស់ពី ការដឹកនាំរបស់គណបក្សប្រជាជនថែមទៀត។
សមាជិកបក្សប្រឆាំង ដែលទើបចុះចូលបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ដោយសារតែពួកគាត់មើលឃើញយ៉ាងច្បាស់ អំពីសកម្មភាពនៃការខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមរីកចម្រើនដូចសព្វថ្ងៃ។
សមាជិកថ្មីទាំងនោះ បន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលធ្វើការងារជួយប្រជាពលរដ្ឋជាក់ស្តែង រីឯគណបក្សប្រឆាំងដូចជា គណបក្សសង្គ្រោះជាតិ គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី ជាដើម គឺជាគណបក្សបានតែថា ហើយមិនដែលឃើញធ្វើអ្វីសោះ ជាពិសេសនៅពេលប្រជាជនជួបប្រទះទុក្ខលំបាកម្តងៗ គឺឃើញមានតែគណបក្សប្រជាជន តែមួយគត់ដែលបានចុះមកជួយ។
ក្រុមសកម្មជនដែលចុះចេញពីបក្សនេះ បានថ្លែងថា មេដឹកនាំគណបក្សចាស់របស់ពួកគេ គ្មានសមត្ថភាពដឹកនាំប្រទេស ចេះតែម្យ៉ាង គឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គម ប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្ស ធ្វើអំពើអសីលធម៌ជាដើម៕