(តាកែវ)៖ បុរសម្នាក់ផឹកស្រវឹង ដោយមានសភាពស្រវឹងខ្លាំង បានទៅរករឿងបុរសម្នាក់ទៀតដល់ផ្ទះ ដោយខណៈពេលនោះអ្នកទាំង២ មានសភាពស្រវឹងដូចគ្នា មិនអាចទប់កំហឹងបាន រហូតអ្នកទាំង២ បានប្រើកាំបិតរៀងៗខ្លួន កាប់គ្នាទៅវិញទៅមករហូតបណ្ដាលឲ្យ របួសទាំងសងខាង ប៉ុន្តែដោយជនបង្ករបួសធ្ងន់ បានចូលសំងំដេក ក្នុងមុងរហូតដាច់ខ្យល់ស្លាប់តែម្ដង។

ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីជនបង្ក ឈ្មោះ អ៊ិន ខុន បានចេញពីហូបការផឹកស្រាស្រវឹង ស្ថិតនៅក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ ទៅរករឿង ឈ្មោះ ទ្បុង សុខ អាយុ៥៣ឆ្នាំ ជាម្ចាស់ផ្ទះខាងលើ មានទីតាំងស្ថិតនៅពីខាងលិចក្បែររោងការ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។ លុះមកដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នគបាលប៉ុស្តិ៍ស្រុកបូរីជលសារ បានដើរល្បាត ស្រាប់តែធំក្លិនស្អុយ បានចូលពិនិត្យឃើញ មានមនុស្សស្លាប់ ទើបរាយការណ៍មកការិយាល័យ ជំនាញចុះពិនិត្យ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ អ៊ិន ខុន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជសារ មកធ្វើរោងស្នាក់ នៅបណ្តោះអាសន្ន ពីខាងត្បូង ជាប់ផ្លូវ១២៩B ស្ថិតក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ។ សាកសពដេកស្លាប់ ក្នុងរោងខ្ទមតូចចង្អៀតមិនអាច ចូលពិនិត្យសពបាន ពិសេសសពមានសភាពស្អុយខ្លាំង ទើបកម្លាំងនគរបាល បានរុះរោងចេញដើម្បីធ្វើការពិនិត្យ។

ទើបពន្យាពេលរហូតមកដល់ នៅវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យជំនាញសហការ ជាមួយនគរបាលស្រុកបូរីជលសារ និងគ្រូពេទ្យបានចុះពិនិត្យ កន្លែងកើតហេតុ និងសាកសពឃើញថា សាកសពដេកស្លាប់ក្នុងមុង លើគ្រែកល់ដុំថ្ម ផ្ទាល់ដី ដេកផ្ងារ ក្បាលទៅកើតស្លៀក ខោខ្លី គ្មានពាក់អាវ មានសភាពស្អុយ ដង្កូវចុះនៅលើសៀតផ្កា ខាងឆ្វេងមាន ស្នាមរបួស ចាប់ពីលើស្លឹកត្រចៀក​ រហូតដល់រន្ឋភ្នែក ទំហំ២ គុណ៨ សង់ទីម៉ែត្រ ជំរៅចូលក្នុង នៅលើមេដៃ ស្តាំខាងក្នុងមានស្នាម របួសកាត់ទទឹង ត្រង់ឆ្អឹង គន្លាក់មេដៃជំរៅដល់ឆ្អឹង។

ក្រោយពិនិត្យ រួចរាល់កម្លាំងនគរបាលបានប្រគល់ សពជូនប្អូនបង្កើតសព ធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យឈ្មោះ ទ្បុង សុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីប្រមូលផ្តុំសំណុំរឿងតាមនីតិវិធីច្បាប់៕