(ភ្នំពេញ)៖ របាយការណ៍បានបង្ហាញថា ពេញមួយខែមេសា ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរបានកើតឡើង ៣៧៤លើក បានសម្លាប់មនុស្ស ១៧៨នាក់ និងរបួស ៦៨៣នាក់។ ក្នុងចំណោមអ្នកគ្រោះថ្នាក់នេះ ភាគច្រើនជាអ្នកបើកបរម៉ូតូ និងមិនពាក់មួកសុវត្ថិភាព។  

របាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានបង្ហាញថា ជាមធ្យមក្នុងមួយថ្ងៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរមានប្រមាណ ៥នាក់ និងរបួស ២២នាក់។ គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៤០ភាគរយស្រវឹង ១៤ភាគរយ មិនគោរពសិទ្ធអាទិភាព ១២ភាគរយ មិនប្រកាន់ស្តាំ ១៣ភាគរយ វ៉ាជែង ១០ភាគរយ បត់អត់ប្រុងប្រយ័ត្ន ៨ភាគរយ កត្តាយានយន្ត ៣ភាគរយ និងកត្តាងងុយដេក ១ភាគរយ។

ប្រៀបធៀបនឹងខែមីនា ឆ្នាំ២០១៧ គ្រោះថ្នាក់កើនចំនួន ៦២លើក ស្មើ ២០ភាគរយ អ្នកស្លាប់កើន ១៦នាក់ ស្មើ ៥ភាគរយ និងអ្នករបួសកើនចំនួន ២២៦នាក់ ស្មើ ៤៩ភាគរយ។ ប្រៀបធៀបខែមេសា ឆ្នាំ២០១៦ គ្រោះថ្នាក់កើនឡើង ១៦លើក ស្លាប់ថយចំនួន ៩នាក់ ស្មើ ៥ភាគរយ និងអ្នករបួសថយចុះចំនួន ៤៧នាក់ ស្មើ ៧ភាគរយ។

របាយការណ៍ដដែលបញ្ជាក់ថា រថយន្តដឹកកម្មកររងគ្រោះថ្នាក់ក្នុងខែមេសា មានចំនួន ៥លើក ក្នុងនោះ ៣លើកនៅខេត្តកំពង់ស្ពឺ មួយលើកនៅខេត្តព្រៃវែង និងមួយលើកទៀតនៅខេត្តមណ្ឌលគិរី បណ្តាលឲ្យរបួសកម្មករ កម្មការិនី ៥២នាក់ ដោយប៉ះជាមួយរថយន្តតួរីសដឹកបន្លែ រថយន្តដឹកជ្រូកបុកពីក្រោយ និងក្រឡាប់ពេលគេចចេញពីម៉ូតូ។

ក្នុងចំណោមអ្នកស្លាប់ក្នុងខែមេសា ឆ្នាំ២០១៧ ចំនួន ១៧៨នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ១៤១នាក់ ស្មើ ៧៩ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន ១១៧នាក់ ស្មើ ៨៣ភាគរយ។ ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ចំនួន ១៦៣ករណី បញ្ជូនទៅតុលាការចំនួន ៨៧ករណី និងកំពុងអង្កេត ៨២ករណី៕