(ភ្នំពេញ)៖ លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជាប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដោយបានប្រតិកម្មទៅនឹងសាររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាថា ជាសារគំរាមកំហែងផ្ទួនៗ នៅរដូវកាលបោះឆ្នោតឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។
សមាជិកសភាអាស៊ានបានលើកឡើងចំៗចំពោះឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថា បានប្រើពាក្យសម្ដីគំរាមកំហែងម្ចាស់ឆ្នោត នឹងវាយអ្នកណាដែលហ៊ានក្រោកតវ៉ាលទ្ធផលចាញ់ឆ្នោតឲ្យបែកធ្មេញ។
បន្ទាប់ពីមានការបញ្ចេញទស្សនៈ និងការលើកឡើងខាងលើនេះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចាត់ទុកថា ទស្សនៈរបស់របស់ប្រធានក្រុមសមាជិកសភាអាស៊ាន គឺជាយុទ្ធនាការញុះញង់ បង្កអសន្តិសុខសង្គម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា «ការផ្សាយរបស់វិទ្យុអាស៊ីសេរី ស្តីអំពីទស្សនៈលោក ឆាលស៍ សានទីអេហ្គោ គឺជាយុទ្ធនាការញុះញង់មានលក្ខណៈជាប្រព័ន្ធ បង្កអសន្តិសុខអស្ថេភាពសង្គម និងជ្រៀតជ្រៀកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យ របស់ប្រទេសកម្ពុជា ផ្ទុយពីការពិត មិនអាចទទួលយកបាននោះទេ»។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ បានអះអាងប្រាប់ Fresh News ថា សាររបស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ មិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែគឺជាការដាស់តឿន ដល់ពួកជ្រុលនិយម ដែលតែងបង្ករំខាន់ដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ តាមរយៈការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដូចបទពិសោធន៍នាពេលកន្លងទៅ។
លោក ឈុំ សុជាតិ បានថ្លែងយ៉ាងដូច្នេះថា «ការលើកឡើងរបស់ ឯកឧត្តម ទៀ បាញ់ មិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការដាស់តឿនពួក ជ្រុលនិយម ដែលមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយបង្កអសន្តិសុខតាមផ្លូវសាធារណៈ រំខានដល់ប្រជាពលរដ្ឋ»។
លោកបានបន្ថែមថា ការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដូចកាលពីអាណត្តិទី៥ ឆ្នាំ២០១៣ របស់គណបក្សប្រឆាំង គឺជាការបំផ្លាញសេចក្តីសុខ របស់ប្រជាពលរដ្ឋ បង្កអសន្តិសុខសង្គម និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាពរបស់កម្ពុជាសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលរដ្ឋបាល មន្ទីរ សាលាខេត្ដសៀមរាប កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ បានចេញសារនយោបាយមួយ ព្រមានបង្រ្កាបយ៉ាងចាស់ដៃ ប្រសិនបើមានការតវ៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដូចកាលពីអាណត្តិមុនទៀត។ លោក ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «ពេលដែលបោះឆ្នោតចាញ់ហើយ គឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះ ទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ លើកនេះមិនទុកទេ»៕