Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋខ្មែរ ១៩នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួន ពេលចូលទៅកាប់ឈើគ្រញូងនោះ ត្រូវដោះលែងមកវិញ ១០នាក់ហើយ

18-05-2017 15:40

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ពលរដ្ឋខ្មែរ ១០នាក់ ក្នុងចំណោម ១៩នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួនពេលចូលទៅកាប់ឈើគ្រញូងក្នុងដីថៃនោះ ត្រូវបានដោះលែងវិញហើយ ក្រោយមានការអន្តរាគមន៍ពីមន្រ្តីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ។

លោក ជុំ សុន្ទរី បានបន្ថែមថា ពលរដ្ឋខ្មែរទាំង ១០នាក់ ត្រូវបានដោះលែងនៅម៉ោង ៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនិងការបង់ផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់។

បើតាមលោក ជុំ សុន្ទរី ពលរដ្ឋខ្មែរទាំង ១០នាក់នេះ ដែលសុទ្ធតែជាអ្នកខេត្តបន្ទាយមានជ័យ អាចនឹងបញ្ជូនមកដល់ប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ១០រូបនេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ ពេលពួកគេឆ្លងដែនទៅកាប់ឈើគ្រញូងនៅក្នុងស្រុកមឿងសាកែវ ខេត្តសាកែវ។ មន្រ្តីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ ក៏កំពុងជួយអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរ ៩នាក់ផ្សេងទៀតផងដែរ៕