(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៧នេះឲ្យដឹងថា សហព្រះអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សូមស្នើសុំអង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក. សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិតចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន ចំពោះឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់ នៅក្នុងសំណុំរឿង ០០២/០២ ខណៈជនជាប់ ចោទទាំងពីរត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតម្តងរួចមកហើយ ក្នុងសំណុំរឿង ០០២/០១។ (អាចនឹងជាប់ទោសចំនួនពីរជីវិត)។

លោក នេត្រ ភក្រ្តា បានបញ្ជាក់ឲ្យដឹងថា ការស្នើសុំនេះធ្វើឡើងខណៈដែលសារណាបញ្ចប់កិច្ចពិភាក្សាដេញដោលរបស់ជនជាប់ចោទ តាមរយៈមេធាវីរបស់ខ្លួន ស្នើសុំឱ្យអង្គជំនុំជម្រះទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងជនជាប់ចោទឱ្យមានសេរីភាព។

អ្នកនាំពាក្យដដែលរូបនោះ បានថ្លែងថា ភាគីនានានឹងបង្ហាញទឡ្ហីករណ៍ផ្ទាល់មាត់ របស់ខ្លួនលម្អិតលើសំណើទាំងនេះនៅក្នុងអំឡុងពេលសវនាការធ្វើសេចក្តី សន្និដ្ឋានបញ្ចប់ការសួរដេញដោលលើអង្គ ភស្តុតាងក្នុងសំណុរឿង ០០២/០២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧តទៅ។

យោងតាមសារណាបញ្ចប់កិច្ចពិភាក្សាដេញដោល លើអង្គហេតុនៅក្នុងសំណុំរឿង ០០២/០២ ដែលបានដាក់ជូនអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង និងសហព្រះអាជ្ញាអន្តរជាតិលោក នីកូឡា គុំជាន បានលើកឡើងថា៖

ដោយសារតែពិចារណាឃើញអំពីភាពធ្ងន់ធ្ងរ នៃអំពើឧក្រិដ្ឋកម្មដែលបានបង្កនូវភាពរងទុក្ខវេទនា ខ្លោចផ្សារសម្រាប់ប្រជាជាតិទាំងមូល បង្កឱ្យមានការ ស្លាប់ជីវិតមនុស្សជាច្រើនលាននាក់ គឺព្រះរាជអាជ្ញាសូមស្នើឱ្យផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន។
ព្រះរាជអាជ្ញា បានសរសេរយ៉ាងដូច្នេះថា៖ «ជនជាប់ចោទនៅក្នុងសំណុំរឿងក្តីនេះគឺ នួន ជា បងធំទី២ និងខៀវ សំផន ជាមុខមាត់សាធារណៈរបស់ខ្មែរក្រហម និងជាប្រធានរដ្ឋនៅក្នុងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរបស់ពួកគេ បានស្វែងរកគ្រប់វិធីដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់របបនេះ។ ពួកគេ ម្នាក់ៗនិយាយឱ្យចំគឺ នួន ជា តែម្តង បានអះអាងថា ការសម្លាប់ក្រៅអំណាចតុលាការ គឺជារឿងចាំបាច់ដើម្បីការពារ ប្រទេសពីខ្មាំងបរទេស ដូច្នេះវាជារឿងត្រឹមត្រូវ។ ពួកគេម្នាក់ៗនិយាយឱ្យចំគឺខៀវ សំផន តែម្តងបានអះអាងថា គាត់មិនបានដឹងពីអ្វីដែលបានកំពុងកើតឡើងចំពោះប្រជាជនកម្ពុជាទេ ហើយថាគាត់គ្មានអំណាចដើម្បីដើរតួនាទីនៅក្នុងឧក្រិដ្ឋកម្មទាំងនេះដែរ»

សហព្រះរាជអាជ្ញាបានបន្តទៀតថា ប៉ុន្តែភស្តុតាងបានបង្ហាញថា នួន ជា និងខៀវសំផន សុទ្ធតែមានតួនាទី ដែលគេបានស្គាល់ ឬដែលសំខាន់បំផុតក្នុង ការឃោសនាឱ្យមានឧក្រិដ្ឋកម្មដែលគេមិនអាចមានអ្វីជាយុត្តិកម្មបាន។ ពួកគេទាំងពីរនាក់គឺជាអ្នកសេពគប់គ្នាជិតស្និទ្ធបំផុតរបស់ ប៉ុល ពត ដែលមេដឹកនាំបក្ស កុម្មុយនិស្តិកម្ពុជាដែលជាមនុស្សស្ថិតនៅក្នុងចំណោមក្រុមតូចមួយ នៃមេដឹកនាំបក្សនេះដែលបានចូលរួមក្នុងផែនការមួយ ដើម្បីប្រើប្រាស់គោលនយោបាយ ឧក្រិដ្ឋកម្មដើម្បីរក្សាការក្តាប់អំណាចរបស់ខ្លួន និងដើម្បីលាក់កំបាំងភាពបរាជ័យនៃអភិបាលកិច្ច របស់ខ្លួន។

អ្នកទាំងអស់នេះបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទម្លាក់ប្រជាជនកម្ពុជាទៅក្នុងសង្គមមួយដែលគ្មានសាសនា ដើម្បីប្រកួតប្រជែងសម្រាប់ភាពស្មោះត្រង់របស់មនុស្សទេ ហើយក៏គ្មានវណ្ណៈ ជាតិពន្ទុ ឬភាសាខុសៗគ្នាដែរ ប៉ុន្តែ ផ្ទុយទៅវិញ មានតែក្រុមមហាជនដែលគ្មានពណ៌តែមួយគត់បម្រើថ្នាក់ដឹកនាំទាំងនេះ ដោយគ្មានសំណួរពីគោលនយោបាយរបស់ពួកគេ។

សហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិបានលើកឡើងថា ដើម្បីពន្លឿនដល់កម្មវិធីនយោបាយនេះ របបខ្មែរក្រហម ក៏បានប្រឌិតឡើងនូវគោលនយោបាយឧក្រិដ្ឋនានា ដែលត្រូវបានអនុវត្តនៅទូទាំងប្រទេស។ របបខ្មែរក្រហម បានចាប់ផ្សឹកព្រះសង្ឃ ធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិកជន និងបានហាមឃាត់ការប្រតិបត្តិ សាសនាទាំងអស់។ ទីក្រុងនានាត្រូវបានគេបោសសម្អាតយ៉ាងស្ងាត់ជ្រងំ ហើយអ្នករស់នៅទីក្រុងទាំងនោះត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅ រស់នៅតាមជនបទ។ ប្រជាជនភាគច្រើនត្រូវបានបញ្ជូនឱ្យទៅធ្វើពលកម្មនៅតាមការដ្ឋាន និងសហករណ៍នៅក្រោម លក្ខខណ្ឌនានាដែលមានតម្លៃស្នើនឹងការធ្វើឱ្យទៅជាទាសករ។

ប្រជាជនធម្មតាធ្វើការដោយគ្មានប្រាក់កម្រៃ ហើយត្រូវបានគេផ្តល់អាហារ ការថែទាំអនាម័យ និងថែទាំងវេជ្ជសាស្ត្រមិនគ្រប់គ្រាន់។ កម្មករទាំងនេះត្រូវបានគេបង្ខំ ឱ្យហូបរួមបដិសេធសេរីភាពក្នុងការនិយាយស្តី និងការធ្វើដំណើរ ត្រូវបានបង្ខំឱ្យរៀបការជាមួយប្តី/ប្រពន្ធដែលត្រូវបាន ជ្រើសរើសដោយកម្មាភិបាលខ្មែរក្រហម និងត្រូវបានបង្ខំឱ្យធ្វើទំនាក់ទំនងផ្លូវភេទដើម្បីបង្កើតកូនឱ្យរបបនេះ។ បើសិនជានរណាម្នាក់ត្រូវបានគេមើលឃើញថាគឺជាបន្ទុកច្រើនជាងទ្រព្យសម្បត្តិ នោះគេនឹង សម្លាប់ចោលភ្លាម។ គ្រប់មនុស្សទាំងអស់ដែលរបបនេះគឺថាជាអ្នកប្រឆាំងមានសក្តានុពល ត្រូវបានគេកំណត់គោលដៅសម្រាប់បង្កើនការតាមដាន និងការធ្វើទុក្ខ បុកម្នេញ ហើយមនុស្សក្នុងជំពូកនេះជាច្រើន រួមទាំងជនជាតិវៀតណាម និងចាម ត្រូវបានគេកំណត់គោលដៅសម្រាប់ ការលុបបំបាត់ចោលទាំងស្រុង។

ដោយឡែកសម្រាប់ក្រុមមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានលើកឡើងនៅក្នុងសារណារបស់ខ្លួនថាគាំទ្រចំពោះអ្វី ដែលសហព្រះរាជអាជ្ញាលើកឡើង និងស្នើឱ្យអង្គជំនុំជម្រះពិនិត្យលើអង្គច្បាប់ចំពោះអ្វីដែលសហព្រះរាជអាជ្ញាបានលើកឡើង។ ជាមួយគ្នានេះ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឱ្យទទួលស្គាល់នូវការបង្ហាញភស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងការរងទុក្ខវេទនារបស់ជនរងគ្រោះនិងព្រម ទាំងសម្រេចផ្តល់សំណង ក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។

រីឯក្រុមមេធាវីការពារក្តី នួន ជា និងខៀវ សំផន តាមឯកសារដែលបានលេចធ្លាយ បានលើកឡើងថាកូនក្តីរបស់ខ្លួនមិនមែនជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលកើតឡើងឡើយ និងបានស្តីបន្ទោសទៅលើវៀតណាម ដែលធ្វើឱ្យការកសាងប្រទេសមួយរបស់ខ្មែរក្រហមឱ្យទៅជារដ្ឋមួយឯករាជ្យ និងវិបុលសុខត្រូវ បានបរាជ័យ។ ក៏ដូច ក្រុមមេធាវីនួន ជា ដែរ ក្រុមមេធាវីខៀវ សំផន បានថ្លែងថាកូនក្តីរបស់ខ្លួនគួររកឃើញថាមិនមានកំហុសចំពោះបទឧក្រិដ្ឋកម្មដែលបានចោទ ប្រកាន់ដោយស្នើឱ្យអង្គជំនុំជម្រះសាលាដំបូងទម្លាក់ការចោទប្រកាន់ប្រឆាំងកូនក្តីខ្លួន។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿង ០០២/០១លើឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់សាលក្រមអង្គជំនុំជម្រះ សាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។

បច្ចុប្បន្នេះនេះ លោក នួន ជា មានអាយុ ៩១ ឆ្នាំ និងលោក ខៀវ សំផន មានអាយុ ៨៦ឆ្នាំ កំពុងប្រឈមមុខនឹងការជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ ដោយត្រូវបានចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិ វៀតណាម ពាក់ព័ន្ធនឹងសហករណ៍ មន្ទីរសន្តិសុខ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការដ្ឋានការងារ ការបោសសម្អាតផ្ទៃក្នុង ជម្លោះប្រដាប់អាវុធជាដើម។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលពេលវេលាសមស្របខាងមុខ បន្ទាប់ពីការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់ បិទបញ្ចប់កិច្ចពិភាក្សាដេញដោលរួច៕