(កំពង់ចាម)៖ មេឃុំកងតាណឹងលោក មួន វីរៈ មកពីគណបក្សសម រង្ស៊ី ដែលបច្ចុប្បន្នគណបក្សសង្គ្រោះជាតិ ត្រូវបានប្រជាពលរដ្ឋ ទម្លាយថា បានឃុបឃិតគ្នាជាមួយមន្ដ្រីក្រោមឱវាទ ដោយចេញសំបុត្រកំណើតស្ទួនគ្នា ពោលគឺលោក មួន វីរៈ ឡើងធ្វើជាមេឃុំនៅ ឆ្នាំ២០១៤ ប៉ុន្ដែបានចុះហត្ថលេខាធ្វើសំបុត្រកំណើត តាំងពីឆ្នាំ២០០៤មកម្ល៉េះ។
ពលរដ្ឋមូលដ្ឋានបានទម្លាយថា នៅចុងខែមេសា ឆ្នាំ២០១៧ លោកស្រី ជឿន យ៉េក បានមកទំនាក់ទំនងជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំកងតាណឹង ធ្វើសៀវភៅគ្រួសារ ហើយលោកស្រី បានយកសំបុត្របញ្ជាក់កំណើត លេខ១០៣០ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ចំនួន២មកបង្ហាញទី១- ចុះហត្ថលេខាដោយលោកមេឃុំ ប្រាក់ ម៉េត មេឃុំកងតាណឹង ក្នុងអាណត្តិទី១ និងទី២ ហើយទី២-ចុះហត្ថលេខា ដោយលោក មួន វីរៈ មេឃុំកងតាណឹងអាណត្តិទី៣ ដែលមកពីគណបក្សប្រឆាំងនេះតែម្តង។
ក្រោយមកនាយនគរបាលប៉ុស្ដិ៍ឃុំកងតាណឹង បានឲ្យលោកស្រី ទៅជួបលោកស្មៀនឃុំ ដើម្បីបំពេញឯកសារអត្រានុកូលដ្ឋាន ជូនកូនលោកស្រីមួយចំនួនដែលមិនបានចុះអត្រានុកូលដ្ឋាន ស្រាប់តែពេលនោះទើបដឹងថា លោក មួន វីរៈ មេឃុំកងតាណឹង និងជាមន្ដ្រី អត្រានុកូលដ្ឋានឃុំ បានប្រព្រឹត្តខុសពីនីតិវិធី នៃការចុះអត្រានុកូលដ្ឋាន និងធ្វើការឃុបឃិតគ្នាជាមួយលោក ខឹម គឹមឈាង ជាជំនួយការ រដ្ឋបាលឃុំ ចេញអត្រានុកូលដ្ឋានដូចខាងក្រោម៖
ទី១៖ បានចេញសំបុត្របញ្ជាក់កំណើតលេខ ១០៣០ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្ទួនគ្នាមនុស្សតែម្នាក់
ទី២៖ បានចេញសំបុត្របញ្ជាក់កំណើតលេខ ១០៣០ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ដដែលដោយដូរឈ្មោះ «ថាត ផាន់ណា» មកជា «ថាត ចាន់ណា» ភេទស្រី កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៨ ឃុបឃិតគ្នាចេញអត្រានុកូលដ្ឋាន។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់លោក មួន វីរៈ ជាមេឃុំកងតាណឹង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅក្នុងឆ្នាំ២០០៤ លោក មួន វីរៈ នៅជាសិស្សសាលានៅឡើយ៕
ខាងក្រោមនេះ ជាសំបុត្រអត្រានុកូលដ្ឋាន ដែលមេឃុំរបស់បក្សប្រឆាំងមួយនេះ ឃុបឃិតគ្នាចេញឲ្យពលរដ្ឋ៖