(ភ្នំពេញ)៖ មជ្ឈមណ្ឌលផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្រុងស៊ីអាន ស្ថិតក្នុងសង្កាត់គូយាន ទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ត្រូវបានបើកដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដោយរំពឹងថា នឹងជួយពង្រីកទំហំពាណិជ្ជ កម្មរវាងប្រទេសកម្ពុជា និងខេត្តសានស៊ី។
ពិធីបើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន ត្រូវបានធ្វើឡើងក្រោមអធិបភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ហ៊ូ ហឺ ភីង អភិបាលខេត្តសានស៊ី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអភិបាលខេត្តសានស៊ី បានថ្លែងបង្ហាញការរំពឹងទុកថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកជួយពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តសានស៊ី ឲ្យបានកាន់តែច្រើនថែមទៀត។ បន្ទាប់ពីកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្តេចតេជោ និងអភិបាលខេត្តសានស៊ី ក៏បានអញ្ជើញទស្សនាការដាក់តាំងពិព័រណ៍សមិទ្ធផលនានារបស់ប្រទេសកម្ពុជា ដែលបានដាក់តាំងបង្ហាញ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាននោះផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ស៊ីអាន គ្រប់គ្រងដោយសមាគមទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងពាណិជ្ជកម្ម ហើយក៏ជាទីកន្លែងផ្តល់ព័ត៌មានដល់ពាណិជ្ជករ អ្នកទេសចរ និងវិនិយោគិនទាំងបរទេស និងចិន ដែលចង់ស្វែងយល់ព័ត៌មានអំពីកម្ពុជា។ នៅក្នុងមជ្ឈមណ្ឌលនេះ មានដាក់តាំងពិព័រណ៍ផលិតផលខ្មែរជាច្រើន ខិតប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្ម ព័ត៌មានទាក់ទិនទៅនឹងការវិនិយោគ និងឯកសារផ្សេងៗអំពីកម្ពុជា។
ខេត្តសានស៊ី គឺជាទីផ្សារដ៏ធំមួយសម្រាប់ផលិតផលរបស់កម្ពុជា ហើយប្រជាពលរដ្ឋចិននៅក្នុងខេត្តនេះ បានមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។ កម្ពុជា បាននាំផលិតផលទៅកាន់ខេត្តសានស៊ីមានជាង ៤២លានដុល្លារក្នុងឆ្នាំ២០១៥ និងជិត ៥៣លានដុល្លារក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៥ ភ្ញៀវទេសចរពីខេត្តសានស៊ី មកកម្ពុជាគឺមានចំនួន១ម៉ឺននាក់។
បច្ចុប្បន្ននិស្សិតខ្មែរ ៤៧នាក់ និងប្រជាជនខ្មែរ ២៤៧នាក់កំពុងសិក្សា និងស្នាក់នៅក្នុងខេត្តសានស៊ី៕