(ភ្នំពេញ)​៖ ទម្រាំតែក្លាយទៅជាអ្នកជំនួញវិស័យដីធ្លី ដ៏ល្បីល្បាញនៅកម្ពុជា លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឆ្លងកាត់នូវរាល់ឧបសគ្គជាច្រើនយ៉ាង រួមមានទាំងការបោះបង់ការសិក្សាចោល ជាច្រើនលើក ​ច្រើនសារផងដែរ។

ប៉ុន្ដែដោយកត្តាប្រឹងប្រែងព្យាយាម យ៉ាងត្រដាបត្រដួស ទាំងការសិក្សារៀនសូត្រ ទាំងការរកស៊ី ទើបធ្វើឲ្យរូបលោក បានក្លាយទៅជាអ្នកវិនិយោគ និងបានទទួលជោគ​ជ័យយ៉ាងត្រចេះត្រចង់ ទៅលើវិស័យដីធ្លីនេះ និងមានឈ្មោះល្បីល្បាញនាបច្ចុប្បន្នផងដែរ។

លោកបានថ្លែងថា «មានឧបសគ្គជាច្រើនក្នុងជីវិត ថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ​ មិនមានជាបញ្ហាចោទដែលធ្វើឲ្យ មានការលំបាកនោះឡើយ ប៉ុន្ដែនៅពេលដែលចូលរៀន សកលវិទ្យាល័យ ក៏មានបញ្ហាដោយសារមុខជំនួញ ក្នុងគ្រួសារក្ស័យធន់។ ពេលនោះហើយគឺជាពេលដែលជីវភាពគ្រួសារដែល ធ្លាប់សុខស្រួល មកជួបការលំបាក់ រហូត​ស្ទឺរតែ​គ្មានកង់ជិះ ប៉ុន្ដែដោយសារតែមានគោលការណ៍ច្បាស់លាស់ ទើបជម្រុញទឹកចិត្តឲ្យខិតខំព្យាយាមឡើង»

លោកបន្ដទៀតថា ដោយមានការជួយជម្រុញទឹកចិត្តពីបណ្ដាក្រុមគ្រួរសារ ទើបធ្វើឲ្យខ្លួនបន្ដការខិតខំរៀនសូត្រ ធ្វើការផងរៀនផង នេះមិនមែនជាភាពងាយស្រួលនោះឡើយ តែទោះបីជាជួបការលំបាកច្រើន យ៉ាងណាក៏ដោយ ក៏ការសិក្សាមិនចុះខ្សោយនោះឡើយហើយបញ្ហាប្រឈមដែលជួបក្នុងកម្រិតបណ្ឌិតនោះ គឺការចាប់ផ្ដើមការរកស៊ីដំបូងក្នុងវិស័យដីធ្លី ដោយមានតម្រូវការជីវភាពគ្រួសារ រួមទាំងការរវល់ ក្នុងការរកស៊ីផងនោះ ទើបត្រូវផ្អាកការសិក្សាក្នុងឆ្នាំ២០០៩ លុះដល់ឆ្នាំ២០១២ ក៏បន្ដផ្អាកការសិក្សាម្ដងទៀត ​​រហូតដល់ឆ្នាំ២០១៤នេះទើបបន្ដ និងបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ។

លោកបានបញ្ជាក់ទៀតថា «កត្តាដែលបណ្ដាលឲ្យក្លាយទៅជាអ្នកវិនិយោគវិស័យដីធ្លីនៅកម្ពុជា គឺឱកាស ការពិតទៅជំនាញ​របស់ខ្ញុំ​ គឺផ្នែកទេសចរណ៍ ប៉ុន្ដែដោយសារតែ ខ្ញុំស្គាល់ជនជាតិបរទេសច្រើន បូករួមនឹងចំណេះដឹងភាសារបរទេស ល្អប្រសើរផងនោះ ​ទើបបរទេសចេះតែប្រើឲ្យទិញដី ធ្លី និយាយឲ្យរួមទៅតាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៧ គឺដើរទិញដីឲ្យគេ ដោយឃើញថា ​ថាការរកស៊ីវិស័យដីធ្លីនេះចំណេញច្រើន ទើបបណ្ដាលឲ្យខ្ញុំចាប់អាជីព ជាអ្នករកស៊ីវិស័យដីធ្លីនេះតែម្ដង»

សូមបញ្ជាក់ថា លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ត្រូវបានជាប់ឆ្នោតជា ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលរៀបចំការបោះឆ្នោតជ្រើសប្រធានថ្មី អាណត្តិទី៥ កាល​ពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ៕