(មណ្ឌលគិរី)៖ ក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចឈ្មោះ «តុងមិន» មានទីតាំងស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ជាប់ព្រំប្រទល់ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា កំពុងដាក់បារ៉ាស់ជាច្រើនកន្លែង នៅតាមដងផ្លូវដើម្បីជំរិតយកលុយ ពីពួកគាត់ ពេលធ្វើដំណើរឆ្លងកាត់ផ្លូវ របស់ក្រុមហ៊ុនមួយនេះ ដែលទង្វើ និងសកម្មភាពបែបនេះ បានផ្ទុយទៅនឹងការហាមប្រាមរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសមិនឲ្យមានកុងត្រូលជជុះកើតឡើង។
ជាមួយនឹងបញ្ហានេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា រដ្ឋបាលសាលាខេត្ត នឹងបញ្ជូនកងកម្លាំងគ្រប់ប្រភេទ ទៅកន្លែងនោះដើម្បីចាត់ការ និងរុះរើបារ៉ាស់ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋជិត៣០០គ្រួសាររស់នៅភូមិអន្រ្ទងសែនជ័យ និងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពេលពួកគាត់ធ្វើដំណើរទៅកាន់ ខេត្តក្រចេះម្តងៗ គឺត្រូវឆ្លងកាត់ផ្លូវរបស់ក្រុមហ៊ុននេះ ហើយរាល់ការឆ្លងកាត់ គឺខាងសន្តិសុខក្រុមហ៊ុន «តុងមិន» តម្រូវឲ្យបង់ប្រាក់ចំនួន២ម៉ឺន
រៀលដែលទង្វើរនេះ វាបាននិងកំពុងធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ពួកគាត់។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិខាងលើ បានស្នើឲ្យលោកអភិបាលខេត្តមណ្ឌលគិរី ជួយអន្តរាគមន៍ និងជួយដោះស្រាយជូនពួកគាត់រាល់ការ ធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះផង ហើយកុំឲ្យមានការយកលុយទៀត។ អ្នកស្រី ទូច សារឿន តំណាងឲ្យពលរដ្ឋនៅក្រុមអន្រ្ទងសែនជ័យ ចំនួន២៥៦គ្រួសារ បានស្នើដល់អាជ្ញាធរខេត្តខេត្តមណ្ឌលគិរី តាមរយៈលោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា កាលពីពេលថ្មីៗកន្លងមកនេះ ដែលពួកគាត់កំពុងជួបការលំបាកខ្លាំងនារដូវវស្សា ដោយពុំមានផ្លូវសំរាប់ធ្វើដំណើរទៅខេត្តមណ្ឌលគិរីនោះទេ បច្ចុប្បន្នពួកគាត់បានធ្វើដំណើរ កាត់តាមខេត្តក្រចេះ ដែលមានចម្ងាយពីភូមិទៅខេត្តក្រចេះ ប្រមាណ៧០គីឡូម៉ែត ប៉ុន្តែត្រូវបានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាក់ បារ៉ាស់បិទផ្លូវយកប្រាក់ជាច្រើនកន្លែង។
អ្នកស្រីបាននិយាយទៀតថា ក្រុមហ៊ុនវិរិយោគដីសម្បទានសេដ្ឋកិច្ចមួយ «តុងមិន» ដែលមានទីតាំងនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានដាក់បារ៉ាស់ជំរិតទារប្រាក់ពីពួកគាត់ ដែលឆ្លងកាត់ទីនោះម្ដងចំនួន២០.០០០រៀល (ពីរម៉ឺនរៀល) បង់ឲ្យក្រុមហ៊ុន ទើបគេឲ្យឆ្លងកាត់ បើមិនបង់ប្រាក់ គឺក្រុមសន្តិសុខមិនឲ្យឆ្លងតែម្តង ទោះបីមានគ្រោះអាសន្ន ឈឺស្កាត់ យ៉ាងណាក្តី។
អ្នកស្រីបានបន្តទៀតថា ពួកគាត់បានមករស់នៅភូមិអន្ទ្រង់សែនជ័យតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយបានប្រើប្រាស់ផ្លូវមួយខ្សែរនេះ តាំងពីមិនទាន់មានវត្តមានរបស់ក្រុមហ៊ុន «តុងមិន» គឺផ្លូវមួយខ្សែនេះជាផ្លូវចាស់ស្រាប់ ពុំមែនជាផ្លូវរបស់ក្រុមហ៊ុនមកឈូសឆាយថ្មីនោះទេ ពួកគាត់សុំសំណូមពរដល់អាជ្ញាធរខេត្តទាំង២គឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ពីព្រោះប្រជាជនដែលកំពុងជួបការលំបាក សូមមេត្តាជួយពិនិត្យ និងសម្រួលឲ្យពួកគាត់បានធ្វើដំណើរឆ្លងកាត់ផ្លូវនោះផង ព្រោះភូមិពួកគាត់នៅឆ្ងាយដាច់ស្រយាល ពុំមានផ្លូវធ្វើដំណើរនោះទេ។
បើតាមមន្រ្តីកាកបាទក្រហមកម្ពុជា សាខាខេត្តមណ្ឌលគិរី បានលើកឡើងថា កន្លងមករថយន្តដឹកសម្ភាររបស់កាកបាទក្រហមយកទៅ
ចែកជូនដល់អ្នករងគ្រោះនៅទីនោះ ក៏មានសន្តិសុខរបស់ក្រុមហ៊ុន «តុងមិន» សួរនាំរកលិខិតស្នាមផងដែរ និងតម្រូវឲ្យបង់លុយកាក់ទៀតផង។
អភិបាលស្រុកពេជ្រាដាលោក នួន សារ៉ន បានឆ្លើយតបចំពោះបងប្អូនប្រជាពលរដ្ឋថា លោកពុំមានសិទ្ធសំរេចយ៉ាងណានោះទេ ព្រោះទីតាំងរបស់ក្រុមហ៊ុន «តុងមិន» មិនមែនស្ថិតនៅក្នុងដែនរដ្ឋបាលស្រុកពេជ្រាដា។ ទោះយ៉ាងណា លោកនឹងពាំនាំសំណូមពររបស់ពលរដ្ឋ ដើម្បីរាយការណ៍ជូនអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយ។
ទាក់ទងករណីនេះ ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី បានទំនាក់ទំនងសុំការបំភ្លឺពីលោក រិទ្ធី និងលោក អុល ដែលជាតំណាងក្រុមហ៊ុន «តុងមិន» ដោយពួកគេបានលើកឡើងថា ចំពោះប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ផ្លូវនេះ ខាងក្រុមហ៊ុនមិនបានយកលុយ ពួកគាត់នោះឡើយ គឺយកលុយតែរថយន្តធំៗ ព្រោះខាងក្រុមហ៊ុន បានចំណាយប្រាក់ច្រើនណាស់ ក្នុងការសាងសង់ផ្លូវនេះក៏ដូចជាការថែទាំ និងជួសជុល៕