(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នំា២០១៧នេះ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួមមានលោក ឃី សុង លោក ឃី ខុន លោកស្រី កែវ សុគន្ធា និងដោយមានការចូលរួមពីបេក្ខភាពក្រុមប្រឹក្សាសង្កាត់ពេញសិទ្ធិនិងបំរុង ព្រមទំាងប្រធានភូមិ អនុភូមិ ក្រុមបក្សទំាងពីរភូមិ មានភូមិជ្រោយអំពិលមួយ និងភូមិយបាត្រ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្រុមបក្សប្រជាជនកម្ពុជា ក្នុងភូមិប្រមាណ២០០នាក់ ដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់ និងលើកសមិទ្ធិផលដែលសង្កាត់បានអភិវឌ្ឍកន្លងមក និងដាក់ផែនការអភិវឌ្ឍបន្ដទៀត ដើម្បីឲ្យប្រជាពលរដ្ឋយល់ឲ្យបានច្បាស់អំពី បក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋ ឲ្យបានទទួលបានសេចក្ដីសុខ និងធ្វើការធ្វើដំណើរបានងាយស្រួល។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោក រស់ សុភ័ត្រ្ដ អភិបាលរងខណ្ឌច្បារអំពៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ។
ថ្លែងក្នុងពិធីនេះលោក រស់ សុភ័ត្រ្ដ បានលើកទ្បើងថាក្រោមការដឹកនំារបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាពេលនេះ មានការអភិវឌ្ឍលើគ្រប់វិស័យរួមមាន ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ពិសេសការរក្សាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ។
តមកលោក ឃី សុង និងលោក ឃី ខុន ក៏បានលើកទ្បើងអំពីការអភិវឌ្ឍសង្កាត់ក្នុងរយៈពេលកន្លងមកនេះ មានផ្លូវថ្នល់ បង្គោលភ្លើងក្នុងភូមិ សាលារៀន មន្ទីរពេទ្យ លូទឹក ព្រមទំាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ទន្ទឹមនិងនេះផងដែរលោក ក៏បានអំពាវនាវ សូមកុំឲ្យបងប្អូនជឿលើពាក្យបោកប្រាស់ និងការសន្សាខ្យល់របស់គណបក្សមួយចំនួនឲ្យសោះ ព្រោះថាឥទ្បូវនេះ គឺជារដូវដែលគណបក្សផ្សេងៗ កំពុងដើរលាបពណ៌មកលើរដ្ឋាភិបាល ពិសេសមកលើគណបក្សប្រជាជនកម្ពុជា និងសូមបងប្អូនអញ្ជើញទៅបោះឆ្នោតនាពេលខាងមុខនេះទំាងអស់គ្នា ដើម្បីអភិវឌ្ឍន៍សង្កាត់របស់យើងតទៅទៀត។
ជាចុងបញ្ចប់លោក ក៏បានបញ្ជាក់ថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ សូមឲ្យបងប្អូន ទំាងអស់ដែលគំាទ្រគណបក្សប្រជាជនកម្ពុជាត្រូវបោះឆ្នោតឲ្យគណបក្សយើងទំាងអស់គ្នា គឺដើម្បីឈ្នះ លើគណបក្សផ្សេងៗ។ ទន្ទឹមនិងនេះផងដែរ បេក្ខភាពក្រុមប្រឹក្សាសង្កាត់និងក្រុមការងារ ក៏បានឧបត្ដម្ភប្រាក់ក្នុងម្នាក់ៗចំនួន៥០០០០រៀល ផងដែរ។
សូមបញ្ជាក់ក្នុងពិធីនេះ ក៏មានបងប្អូនមកពី គណបក្សសង្រ្គោះជាតិចំនួនប្រមាណ៥នាក់ ក៏បានស្ម័គ្រចិត្ដមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនផងដែរ ព្រោះពួកគាត់មិនចង់ឮលើការសន្សាខ្យល់របស់បក្សនេះ តទៅទៀត៕