(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មុនថ្ងៃបោះឆ្នោត១ថ្ងៃ ពោលក្នុងពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ដែលកំណត់ទុកជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឃោសនា ឲ្យគណបក្សនយោបាយណាមួយឡើយ។
លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្សាសាលានាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សម្រាប់អ្នកសារព័ត៌មានស្ដីពី៖ ១៖ ការផ្សព្វផ្សាយព័ត៌មាន ក្នុងដំណាក់កាលឃោសនាបោះឆ្នោត, ២៖ ការផ្សព្វផ្សាយ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត, ៣៖ ការដោះស្រាយបណ្ដឹងទាក់ទងការឃោសនាបោះឆ្នោត និងការបោះឆ្នោត។
លោក ពុទ្ធា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ក៏ដូចជាគណបក្សនយោបាយទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការឃោសនាពីកម្មវិធីនយោបាយ ឬគាំទ្រគណបក្សណាមួយឡើយ។
អ្នកនាំពាក្យរូបនេះបានទទូចថា អ្នកសារព័ត៌មានមិនត្រូវទទួលសំណូក និងលំអៀងទៅរកភាគីណាមួយឡើយ ហើយកុំភ្លេចខ្លួនប្រាសចាកពី បទប្បញ្ញត្តិច្បាប់ឲ្យសោះ ពីព្រោះក្នុងទិដ្ឋភាពច្បាប់ គឺមានការដាក់ទោសទណ្ឌ ប្រសិនបើមានការធ្វេសប្រហែស នោះនឹងធ្វើឲ្យបាត់អព្យាក្រឹតភាព និងកិត្តិយសរបស់ខ្លួន ក្នុងការបំពេញតួនាទីជាអ្នកព័ត៌មាន។
ចំពោះអង្គភាពសារព័ត៌មានណា ដែលអនុវត្តការផ្សព្វផ្សាយរបស់ខ្លួន ប្រាសចាកពីបទបញ្ជា និងផ្ទុយពីបទប្បញ្ញត្តិច្បាប់ នៅអំឡុងពេលឃោសនាបោះឆ្នោត គ.ជ.ប មានវិធានការ៣ជំហាន រួមមាន៖ ជំហានទី១. គ.ជ.ប នឹងធ្វើលិខិតរំឭកណែនាំដល់ស្ថានីយ៍នោះ, ទី២.ផាកពិន័យជាថវិកាចាប់ពី ៥លាន ទៅ ២០លានរៀល និងទី៣. គ.ជ.ប នឹងសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការផ្អាកផ្សាយចំពោះស្ថានីយ៍នោះតែម្ដង។
ទោះយ៉ាងណា គ.ជ.ប បានអំពាវនាវដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយទាក់ទងនឹងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹង និងត្រៀមខ្លួន ទៅបោះឆ្នោត ទើបជារឿងល្អប្រសើរបំផុត ហើយត្រូវផ្សព្វផ្សាយនូវអ្វីដែលជាការពិត មានប្រភពច្បាស់លាស់ ជៀងវាងមានការយល់ច្រឡំពីប្រជាពលរដ្ឋ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៤ ប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះដដែល នឹងធ្វើឡើងតែ១ថ្ងៃគត់ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខឆាប់ៗនេះ៕