(កណ្តាល)៖ បងប្អូនប្រជាពលរដ្ឋរស់នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានសំដែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារទទួលបាន ផ្លូវក្រាលកៅស៊ូ ភ្ជាប់ទៅរាជធានីភ្នំពេញ លែងធ្វើឲ្យបងប្អូនមានការលំបាក ធ្វើដំណើរទៅរាជធានីភ្នំពេញ ដោយជិះទូក ឬត្រូវធ្វើដំណើរវាងតាម ព្រែកអញ្ចាញដូចមុនទៀតហើយ។
ផ្លូវក្រាលកៅស៊ូ ប្រភេទ DBSTនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ទី១ ប្រវែង៥០០០ម៉ែត្រ និងបើកការដ្ឋានសាងសង់បន្តចំនួន២ខ្សែទៀត ប្រវែងជាង៤ ០០០ម៉ែត្រទៀត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកមុខកំពូល ខេត្តកណ្តាល។
គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ ដែលជាកំណាត់ផ្លូវខេត្តលេខ២៦១ ក្នុង២ដំណាក់កាលនេះ ត្រូវបានសាងសង់ដោយកងវិស្វកម្ម (ក្រុម ខ, ឧត្តមសេនីយ៍ ប៊ូ ផាន់សារី) របស់ក្រសួងការពារជាតិ ដោយត្រូវចំណាយថវិកាសរុបប្រមាណជិត២លានដុល្លារ។
លោក វង្សី វិស្សុត បានថ្លែងថា កំណាត់ផ្លូវកៅស៊ូដែលត្រូវបានសម្ពោធ និងបើកដ្ឋានសាងសង់បន្តនៅថ្ងៃនេះ គឺជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជាការតបស្នង និងដឹងគុណដល់បងប្អូន ប្រជាពលរដ្ឋ ឃុំសំបួរមាស នៃស្រុកមុខកំពូលផង និងដើម្បីជាការគិតគូរ ទៅដល់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋផង។ ចំណងដៃផ្លូវក្រាលកៅស៊ូនេះ នឹងធ្វើឱ្យឃុំសំបួរមាស ដែលនៅជាប់កៀកជិតនឹងភ្នំពេញបំផុត លែងឆ្ងាយពីភ្នំពេញ ដូចមុនទៀតហើយ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏លែងមានការលំបាក ក្នុងការធ្វើដំណើរទៅភ្នំពេញ ដើម្បីប្រកបការងារ និងរកស៊ីលក់ដូរផ្សេង ឬទៅសិក្សារៀនសូត្រ ឬក៏ត្រូវទៅទទួលសេវាព្យាបាលនៅភ្នំពេញ ដោយពុំចាំបាច់ត្រូវធ្វើដំណើរតាមទូកនៅពេលរដូវវស្សា ឬក៏ត្រូវតែធ្វើដំណើរវាងតាមព្រែកអញ្ចាញ ដូចពេលមុនទៀត។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា «ដើម្បីលើកតម្កើងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលបានកសាងសមិទ្ធផលជាច្រើន ទៀតដូចជា បណ្តាញគមនាគមន៍, ទឹកស្អាត, ប្រឡាយទឹក, ទំនប់ទឹកដែលធ្វើឲ្យបងប្អូនប្រជាកសិករយើង អាចធ្វើការបង្កបង្កើនផលស្រូវពីរដង ក្នុងមួយឆ្នាំឬអាចលើសពីពីរដង នៅតំបន់ខ្លះ, ការបញ្ចុះថ្លៃអគ្គិសនី, ការលុបចោលនូវការយកកម្រៃពីសេវាសាធារណៈមួយចំនួន, ការដំឡើងបៀវត្សរ៍ ជូនមន្រ្តីរាជការ ពិសេសគ្រូបង្រៀន និងគ្រូពេទ្យ ក្នុងខណៈមានការបន្ធូបន្ថយពន្ធ ចំពោះអ្នកមានចំណូលទាប និងអ្នករកស៊ីតូចតាច។ ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់គណបក្ស ប្រជាជនក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ ពេលមានមរណៈភាព, ឆ្លងទន្លេ, ខ្យល់កន្រ្តាក់រលំផ្ទះ, ទឹកជំនន់ និងចាស់ជរាគ្មានទីពឹង ជាប់ជាប្រចាំដូចភ្លៀងរលឹម»។
លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារដ្ឋាភិបាលរបស់ប្រជាជនកម្ពុជាទាំងមូល ហើយរដ្ឋាភិបាលនេះ តែងនៅ ជាប់ជាមួយនឹងប្រជាជន និងបានបម្រើប្រជាជនក្នុងគ្រប់កាលៈទេសៈហើយមិនចេះភរ, មិនចេះភូត, និងមិន ពូកែសន្យា តែពូកែធ្វើ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងពិតៗ ដល់ប្រជាជន។
លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ការអញ្ជើញចូលរួមពីសំណាក់មហាសេដ្ឋី ដែលជាវិនិយោគិនធំៗ លំដាប់ពិភពលោក រហូតទៅដល់ជាង ៧០០នាក់ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងពេលថ្មីៗនេះ គឺដោយសារគេមើលឃើញថា ប្រទេសកម្ពុជាយើងមានការដឹកនាំត្រឹមត្រូវ និងជាប្រទេសមានសុខសន្តិភាពពេញលេញ, មានស្ថិរភាព និងពីភាពខ្លាំង និងពីសក្តានុពលសេដ្ឋកិច្ចធំធេងរបស់កម្ពុជា និងម្យ៉ាង ដោយសារកម្ពុជាមានទីតាំងស្ថិតនៅចំណ្តាល នៃតំបន់អាស៊ី ដែលជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចពិភព ឬហៅថា ជាសតវត្សរ៍បស់អាស៊ីនេះ នឹងផ្តល់នូវឱកាសច្រើនដល់វិនិយោគ និងធ្វើធុរកិច្ចគ្រប់ប្រភេទ ក៏ដូចជា គោលនយោបាយ, របបសេដ្ឋកិច្ច និងលក្ខណៈប្រជាសាស្រ្តអំណោយផលផង។
លោកបានបន្តថា «អនាគតដ៏បវររុងរឿងកំពុងតែរង់ចាំកូនចៅយើងទាំងអស់គ្នា ដូចនេះយើងត្រូវចាប់ឱកាស មាសមាននៅក្នុងដៃនេះ ឱ្យជាប់ ប្រសិនបើយើងមិនអាចរក្សាបានសន្តិភាព, ស្ថិរភាព និងកំណើនសេដ្ឋកិច្ចនោះ សក្តានុពលសេដ្ឋកិច្ចក្នុងការអភិវឌ្ឍទាំងនេះនឹងត្រូវបាត់បងទៅវិញ ហើយកម្ពុជា នឹងត្រូវដើរថយក្រោយ រាប់ទសវត្សទៀត ដូចមេរៀនប្រវត្តិសាស្រ្តពីអតីតកាលបានបង្ហាញស្រាប់»៕