(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺកើតចេញពីប្រជាជន ត្រូវតែបម្រើប្រជាជន ហើយបាន និងកំពុង ដឹកនាំប្រទេសនាំយកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍គ្រប់វិស័យជូនប្រជាពលរដ្ឋ ទូទាំងប្រទេសទាំងក្នុងពេលបច្ចប្បន្ន និងទៅថ្ងៃអនាគត។
ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៩,២០០នាក់ មកពីឃុំចំនួន៦ ក្នុងស្រុកភ្នំស្រុក ដើម្បីណែនាំពីការងារពង្រឹងបក្ស ព្រមទាំងការកសាងសមាជិកបក្ស និងសាមគ្គីផ្ទៃក្នុងឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីឆ្ពោះទៅយកជ័យជំនះក្នុងការបោះឆ្នោត។
លោក កែ គឹមយ៉ាន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី បានណែនាំឲ្យបងប្អូនទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានសិទ្ធិបោះឆ្នោតត្រូវទៅបោះ ឲ្យបានគ្រប់ៗគ្នា ហើយក្នុងការបោះនោះ សូមបងប្អូនទាំងអស់ត្រូវតែគិតថាបោះឆ្នោតជូនគណបក្សណា ដែលតែងតែនៅជិតបងប្អូន ជួយបងប្អូនពេលជួបការលំបាក ហើយបើការបោះឆ្នោតជូនគណបក្សខុសវាអាចបង្ករងគ្រោះមហន្តរាយ ដល់ប្រទេសជាតិជាមិនខានឡើយ។
ប្រធានក្រុមការងាររូបនេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជាពលរដ្ឋល្អដោយមិនជួញដូរ មិនចែកចាយ មិនរក្សាទុក មិនចរាចរ និងមិនប្រើប្រាស់នូវគ្រប់ប្រភេទដោយកុំសាកគ្រឿងញៀនសូម្បីតែម្តង ព្រោះថាគ្រឿងញៀននេះ វាបំផ្លាញដល់សុខភាព និងអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
មុននឹងបព្ចាប់ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានឧបត្ថម្ភ និងផ្តល់អំណោយដល់សមាជិក-សមាជិកា ចំនួន៩,២០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ផ្តល់ជូនគណបក្សទាំង៦ឃុំ ក្នុងមួយឃុំៗទទួលបានថវិកា ១លានរៀល និងផ្តល់ជូនមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកថវិការ៥០ម៉ឺនរៀល៕