(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកម្ពុជា-ម៉ាឡេស៊ី នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានរៀបចំវេទិស្ដីពី «សុខដុមរមនាផ្នែកសាសនា ស្នូលនៃអារិយ្យធម៌ និងសន្ដិភាពពិភពលោក» ដើម្បីរួមគ្នាចែករំលែកនូវចំណេះដឹង និងទស្សនទានថ្មីៗ នៃភាពរុងរឿងផ្នែកសាសនាដល់អ្នកដឹកនាំ សា្រវជ្រាវ និងសាសនិកទាំងឡាយរបស់ ប្រទេសទាំង២ ឲ្យកាន់តែយល់ច្បាស់ពីសាសនា។
ការរៀបចំវេទិការវិទ្យាសាស្រ្ដដែលប្រព្រឹត្តិឡើងនាថ្ងៃនេះ គឺជាកិច្ចសហការដែលរៀបចំឡើងដោយរាជបណ្ឌិតសភាកម្ពុជា និងវិទ្យាស្ថានម៉ាឡេស៊ី សម្រាប់ការស្វែងយល់ពីសាសនាអ៊ីស្លាម ដែលហៅកាត់ថា (IKIM) ហើយនេះក៏ជាលើកដំបូង ដែលប្រទេសទាំងពីរបានរៀបចំឡើង និងមានការចូលរួមពីសំណាក់លោកស្រី ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអតីតនាយករដ្ឋមន្ដ្រី របស់ប្រទេសម៉ាឡេស៊ីផងដែរ។
លោកស្រី ខ្លូត ធីតា បានថ្លែងឲ្យដឹងថា «តាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំយល់ថា ដើម្បីទទួលបាននូវភាពសុខដុមរមនានៃសាសនា នៅក្នុងសង្គម ពហុសាសនាបច្ចុប្បន្ននេះ គេគួរតែមានការអប់រំច្បាស់លាស់ខាងផ្នែកសាសនាដោយផ្ដោតលើតម្លៃ ខាងសីលធម៌ សីលចរិយាធម៌ ដែលជាជំហានឆ្ពោះ ទៅរកការយោគយល់ អធ្យាស្រ័យគ្នា និងកិច្ចសហការរវាងគ្នា និងគ្នាឲ្យកាន់តែប្រសើរ ក្នុងចំណោមអ្នកកាន់សាសនាទាំងអស់។ អ្នកកាន់សាសនា គួរតែមានការរួបរួមគ្នា សហការគ្នា ក្នុងបុព្វេហេតុនិងគោលដៅរួមតែមួយគឺដើម្បី សន្ថិភាពមនុស្សជាតិ និងភាពសុខដុមរនាមានទាំងក្នុងតំបន់ និងពិភពលោកទាំងមូល ដោយចាកផុតពីការគម្រោមគំហែងឬសង្រ្គាម សាសនា ណាមួយ»។
លោកស្រីបន្ដទៀតថា វេទិកាថ្ងៃនេះ នឹងប្រព្រឹត្តិទៅដោយរលូន ប្រកបដោយអត្ថន័យយ៉ាងធំធេង និងជ្រាលជ្រៅខាងផ្នែកវិទ្យាសាស្រ្ដ ហើយទស្សនៈថ្មីៗ ដែលជារបកគំហើញរបស់វាគ្មិន នឹងជាទស្សនាទានដ៏មានសារប្រយោជន៍សម្រាប់អ្នកដឹកនាំ អ្នករៀបចំ គោលនយោបាយ ជាពិសេសសម្រាប់អ្នកស្រាវជ្រាវ ទាំងឡាយអាចធ្វើការស្វែងយល់កាន់តែស៊ីជម្រៅ បន្ថែមទៀតខាងផ្នែកសាសនា។
ជាមួយគ្នានេះលោក ទុន អាបប៊ុលឡាស ហាជី ហាសម៉ាដ បាដាវី អតីតនាយករដ្ឋមន្រ្ដី នៃប្រទេសម៉ាឡេស៊ី បានថ្លែងឲ្យដឹងថា វេទិកានេះបានផ្ដល់ជាទីកន្លែងសំខាន់ ដល់អ្នកពាក់ព័ន្ធដូចជា អ្នកដឹកនាំសាសនាបណ្ឌិសភាចារ្យ និងអ្នកធ្វើគោលនយោបាយ ទាំងអស់ដើម្បីចែករំលែកទស្សនទាន របស់ពួកគេទៅលើបញ្ហាដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងសាសនិក និងការគិតពីមធ្យោបាយ ឆ្ពោះទៅរកសហគមន៍ដើម្បីរស់នៅប្រកបដោយភាពសុខដុម។
លោកបានបន្ដទៀតថា នេះពិតជាមានសារសំខាន់បំផុតមួយ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាលនៃមនោគមវិជ្ជា និងតម្លៃអវិជ្ជមាន ដែលបង្កឲ្យមានកើនឡើងនូវលិទ្ធិជ្រុលនិយម លិទ្ធិដាច់ខាតនិយម និងភវរកម្មដែលគំរាមដល់សន្ដិភាព និងសុខដុមភារវាងមនុស្សដែលមានសាសនា ខុសៗគ្នា៕