(តាកែវ)៖ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា លោក ស្វាយ ស៊ីថា និងក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំកុមាររាជា ដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោត នៃស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីប្រធាន អនុប្រធានភូមិទាំង១៣ យុវជន និងអាជ្ញាធរមូលដ្នានសរុបប្រមាណ២០០នាក់។
លោក ស្វាយ ស៊ីថា បានក្រើនរម្លឹកដល់បេក្ខជនក្រុមប្រឹក្សាឃុំដែលឈរឈ្មោះ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិ ដើម្បីដឹងសុខទុក្ខ និងបញ្ហានានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋដោយស្មោះត្រង់ និងសូមកុំប្រកាន់និន្នាការ។ លោកថា ក្នុងពេល យុទ្ធនាការសូមបេក្ខជនឈរឈ្មោះ គោរពច្បាប់ និងនីតិវិធីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបានត្រឹមត្រូវគឺមិនត្រូវធ្វើសកម្មភាព ណាមួយរំលោភបំពាន និងប៉ះពាល់ដល់សិទ្ធិរបស់គណបក្សផ្សេងៗឡើយ គឺធ្វើយ៉ាងណាផ្សព្វផ្សាយតែសកម្មភាព និងសមិទ្ធផលបក្សរបស់ខ្លួន ដែលបានធ្វើបំរើប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋបន្តផ្តល់សេចក្តីទុកចិត្តគាំទ្រដឹកនាំមូលដ្ឋានក្នុងឃុំតទៅទៀត។
ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានឃុំកុមាររាជា នៃស្រុកបាទី ក្រុមការងារបានជួយកសាង អភិវឌ្ឍភូមិឃុំលើគ្រប់វិស័យ ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ សាលារៀន អណ្តូងទឹក ប្រឡាយទឹក កសាងព្រះវិហារ ជួយទំនុកបំរុងគ្រួសារមានជីវភាពខ្វះខាត សង់ផ្ទះជូនប្រជាពលរដ្ឋ ជួយឧបត្ថម្ភដល់ចាស់ជរា ស្វែងរកអាហាររូបករណ៍ សម្រាប់កូនចៅប្រជាពលរដ្ឋក្នុងឃុំ កសាងក្រុមយុវជន ក្នុងឃុំ បង្កើតមុខរបរដល់យុវជន គិតគូរលើកកម្ពស់ ជីវភាពរស់នៅរបស់កម្មករកម្មការីនី និងគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋជាដើម។ ក្រៅពីនេះ លោក ស្វាយ ស៊ីថា និងក្រុមការងារទាំង១៣ភូមិ ក្នុងឃុំកុមាររាជា ក៏នៅតែបន្តជំរុញការចូលរួមផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងពង្រឹងការអនុវត្តការគោរពច្បាប់ បង្ការ ទប់ស្កាត់ ក្រុមបងតូចបងធំ គ្រឿងញៀន ល្បែងស៊ីសង ដើម្បីភូមិឃុំមានសុវត្ថិភាព។
ជាចុងបញ្ចប់លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា សូមប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍភូមិឃុំ ឲ្យកាន់តែរីកចម្រើន និងបានប្រាប់ឲ្យប្រជាពលរដ្ឋ ត្រៀមនូវឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណ ឯកសារបញ្ជាក់អំពីអត្តសញ្ញាណ ច្បាស់លាស់ ឬបង្កាន់ដៃចុះឈ្មោះបោះឆ្នោតជាដើម និងសូមបោះឆ្នោតតាមឆន្ទៈរៀងៗខ្លួន ដែលការបោះឆ្នោតខាងមុខនេះ គឺជាការបោះឆ្នោតដើម្បីជ្រើសរើសយកសន្តិភាព ឬសង្គ្រាម?