(ភ្នំពេញ)៖ ប្រជាពលលរដ្ឋខ្មែរ ១៩នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ពេលពួកគេលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូង នៅក្នុងទឹកដីថៃ នៅក្នុងខេត្តស៊ីសាកេង និងខេត្តសាកែវ។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បើតាមលោក ជុំ សុន្ទរី ប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួននេះ មានពីរក្រុមផ្សេងគ្នា ដោយមួយក្រុមមានគ្នា៩នាក់ និងមួយក្រុមទៀត មានគ្នា ១០នាក់ មកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ និងខេត្តកំពង់ធំ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋខ្មែរមួយក្រុម ដែលមានគ្នា ៩នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងស្រុកឃុនហាន ខេត្តស៊ីសាហកេត។ រីឯមួយក្រុមទៀត ដែលមានគ្នា ១០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃទី១៣ ខែឧសភា នៅស្រុកមឿងសាកែវ ខេត្តសាកែវ។
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងដែរថា ក្រោយឃាត់ខ្លួនពលរដ្ឋខ្មែរទាំង ១៩នាក់ ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារក្នុងខេត្តសាកែវ និងខេត្តស៊ីសាកេត។ បើតាមលោក ជុំ សុន្ទរី មន្រ្តីនៅស្ថានអគ្គកុងស៊ុលខ្មែរក្នុងខេត្តសាកែវ កំពុងស្វះស្វែងជួយសម្របសម្រួលជំរុញដំណើរការកាត់ក្តីឲ្យបានឆាប់ និងបានត្រៀមផ្តល់មេធាវីជួយការពារក្តីជូនពួកគេផងដែរ៕