(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាមិនអាចខ្វះបាន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការលើកឡើងបែបនេះក្នុងឱកាសដែលលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីចែកសញ្ញាបត្រ័ជូនដល់និស្សិត៣ជំនាន់ ចំនួន១៧៦៤នាក់ នៅសកលវិទ្យាល័យ ស្វាយយរៀង និងសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាមួយខ្នង កម្ពស់បីជាន់មាន១៧បន្ទប់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅសកលវិទ្យាល័យស្វាយរៀង។
លោកស្រី ម៉ែន សំអន បានសំដែងការកោតសរសើរ និងអបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ដោយជោគជ័យទាំងអស់ និងទទួលបានសញ្ញាបត្រ័គ្រប់កំរិត ដែលជាលទ្ធផលនៃការខិតមួយរបស់ខ្លួនផ្ទាល់ផង និងជាការខិតខំបង្រៀនរបស់សាស្ត្រាចារ្យផង ព្រមទាំងការជួយគាំទ្រ និងលើកទឹកចិត្តពីក្រុមគ្រួសារផងដែរ។
លោកស្រីថា «ជោគជ័យរបស់ក្មួយៗទាំងអស់ ពិតជាបានបង្ហាញពីលទ្ធផល នៃការខិតខំឧស្សាហ៍ព្យាយាម និងស្មារតីភ្ញាក់រលឹករបស់ក្មួយៗ ក្នុងរយះពេលកន្លងមក និងជាមោទភាពចំពោះខ្លួនឯងផង ក្រុមគ្រួសារផង ប្រទេសជាតិផង ព្រោះក្មួយៗពិតជាធនធានមនុស្សថ្មីដែល នឹងចូលរួមចំណែកកសាងអនាគតខ្លួនឯង ក្រុមគ្រួសារ និងអភិវឌ្ឍប្រទេសជាតិយើងផងដែរ»។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស ដោយមានផែនការ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ។ ដោយហេតុនេះហើយ ទើបគ្រប់ឃុំ-សង្កាត់ តែងតែមានសាលារៀនរហូតដល់កំរិតវិទ្យាល័យ ស្ទើរតែគ្រប់ខេត្តមានដល់កំរិតសកលវិទ្យាល័យ។
ជាក់ស្តែងនៅខេត្តស្វាយរៀងយើងនេះពីអតីតកាលមក មិនដែលមានសកលវិទ្យាល័យទេ ទើបតែសម័យសម្តេចតេជោយើង មានសកលវិទ្យាល័យស្វាយរៀងនេះចាប់ពីឆ្នាំ២០០៥មក។ សកលវិទ្យាល័យនេះដែរ ត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និងលោក ហ៊ុន ណេង អតីតអភិបាលខេត្តស្វាយរៀង និងសប្បុរសជនជាច្រើនទៀត ដោយមានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល។
លោកស្រីបានសូមក្មួយៗយល់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការគាំទ្រឧបត្ថម្ភ និងឱកាសដ៏ធំធេងសម្រាប់បញ្ញវន្តជំនាន់ក្រោយ ដូចជាក្មួយៗទាំងអស់។ រាជរដ្ឋាភិបាលបាននាំមកនូវដូចសព្វថ្ងៃនេះរួម សុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍនិងចក្ខុវិស័យយូអង្វែង។ លោកស្រី ម៉ែន សំអន បានអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធិផលទាំងថ្មី ទាំងចាស់ឲ្យស្ថិតស្ថេរនៅគង់វង្សយូរអង្វែង សម្រាប់បម្រើផលប្រយោជន៍វិស័យអប់រំ មិនតែប៉ុណ្ណោះសូមលោក លោកស្រី និងក្មួយៗនិស្សិតត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា-ឃុំ សង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងចលនាអ្នកនៅជុំវិញឲ្យទៅបោះឆ្នោតគ្រប់ៗគ្នា។
ជាមួយគ្នានោះ លោកស្រី ក៏នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ ផ្តល់ជូននៅក្នុងពិធីនេះរួមមាន៖ សាស្ត្រាចារ្យចំនួន១៧៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៣ម៉ឺនរៀល និស្សិត១៧៦៤នាក់ម្នាក់ៗ ទទួលបានថវិការ២ម៉ឺនរៀល និងជូនសកលវិទ្យាល័យស្វាយរៀងថវិកា២លានរៀលផងដែរ៕