(ភ្នំពេញ)៖ សាខាកាំកុងត្រួលអាកាសយានដ្ឋានអន្តជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានបន្តយុទ្ធនាការចុះពិនិត្យទំនិញផ្សេងៗ នៅតាម Mart និងស្ដង់លក់ទំនិញតាមផ្ទះ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
ជាក់ស្ដែងនៅពេលចុះត្រួតពិនិត្យទំនិញលោក ទិត សុខហ៊ីម ជាអនុប្រធានសាខាកាំកុងត្រួល អាកាសយានដ្ឋានអន្តជាតិភ្នំពេញ បានឲ្យដឹងថា «ជាលទ្ធផលក្នុងចុះ ត្រួតពិនិត្យទំនិញ នៅតាម Mart និងស្ដងលក់ទំនិញតាមផ្ទះខាងលើនេះ ក្នុងនោះមន្រ្តីរបស់យើង មិនបានរកឃើញទំនិញ ដែលខូចគុណភាពនោះឡើយ»។
ជាមួយគ្នានេះ លោកអនុប្រធាន ក៏បានអំពាវនាវដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ លើការលក់ និងទិញទំនិញដើម្បីចូលរួមការពារសុវត្ថិភាពចំណីអាហារ ព្រមទាំងការចូលរួមថែរក្សាសុខភាពពលរដ្ឋទាំងអស់គ្នា៕