(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជាដែរនោះ បានចោទសួរទៅលោក កឹម សុខា មេគណបក្សសង្រ្គោះជាតិថា ក្នុងអាណត្តិទី៥នេះ តើតំណាងរាស្រ្ត និងបក្សប្រឆាំងមួយនេះ បានសង់បង្គន់ជូនប្រជាពលរដ្ឋបានមួយហើយឬនៅ?
ការចោទសួររបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ក្នុងពេលទៅជួបសកម្មជននៅសហរដ្ឋអាមេរិកស្វែងរកថវិ ការទ្រទ្រង់បក្សនាពេលថ្មីៗនេះ បានធ្វើការវាយប្រហារធ្ងន់ៗមកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនមាន ការរីកចម្រើន សូម្បីតែបង្គន់ក៏មិនមានឲ្យប្រជាពលរដ្ឋបន្ទោបង់នោះឡើយ។
លោក ខៀវ កាញារីទ្ធ បានសរសេរបង្ហោះនៅបណ្តាញសង្គម Facebook ដោយចំអកទៅលើសម្តីមេបក្សប្រឆាំងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះថា «សេដ្ឋវិទូអន្តរជាតិនិយាយថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរហូត តែលោកមេបក្សមួយនិយាយថាខ្មែរក្រទៅៗរហូតរកតែបង្គន់បត់ដៃបត់ជើងមិនបាន។ ឧបមាថាមេបក្សមួយនេះនិយាយត្រូវចុះ ចង់សួរគាត់ថា ក្នុងមួយអាណត្តិនេះ តំណាងរាស្ត្រគាត់ បក្សគាត់ បានជួយសង់បង្គន់ជូនប្រជាជនបានមួយហើយឬនៅ?»។
សារនយោបាយរបស់លោក កឹម សុខា បង្គាប់ចិត្តអ្នកនៅក្រៅប្រទេស ដើម្បីបានលុយទ្រទ្រង់បក្សនេះ ដោយមិនខ្លាចនិយាយខុសពីស្ថាន ភាពពិតនៃការវិវឌ្ឍន៍របស់សង្គមជាតិនេះ ធ្វើឲ្យពលរដ្ឋខ្មែរនៅក្នុងប្រទេសវាយប្រហារ និងរិះគន់ជាខ្លាំងផងដែរ។ ក្រុមខ្មែរនៅក្នុងប្រទេស បានហៅការនិយាយរបស់លោក កឹម សុខា ជាការធ្វើប្រជាភិថុតិ ដើម្បីតែសំឡេងឆ្នោត និងកំពុងធ្វើឲ្យខ្មែរនៅក្រៅប្រទេសយល់ខុសកាន់ តែខ្លាំងពីអ្វីដែលកម្ពុជាកំពុងមាន៕