(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋុមន្រ្តី ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្នើឲ្យសមាជិកទាំងអស់ រៀបចំការងារ យុទ្ធនាការឃោសនាបោះឆ្នោត នៅតាមតំបន់ភូមិឃុំ រៀងៗខ្លួនឲ្យបានច្បាស់លាស់ដោយមានការ រៀបចំប្រចាំការតាមតំបន់នីមួយៗ រួមនឹងប្រតិទិន ឃោសនាតាមឃុំជាដើម។
ជាមួយគ្នានោះលោក វង សូត ក៏បានប្រាប់ក្រុមការងារនៅតាមភូមិ ត្រូវត្រួពិនិត្យអត្តសញ្ញាណអ្នកបោះឆ្នោត និងសមាជិកបក្សទាំងអស់ នៅមុនការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាបានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោក វង សូត ក៏បានជំរុញឲ្យមន្រ្តីទាំងអស់ នៅមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពង្រឹងការងាររបស់ខ្លួនដើម្បីសន្តិភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះខណៈលោក វង សូត បានចូលរួមក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ និងទិសដៅអនុវត្តបន្ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនឹងមន្រ្តីរាជការជាច្រើនរូបទៀត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក វង សូត បានលើកឡើងទៀតថា ដើម្បីជម្រុញការអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដូច្នេះទើបក្រុមការងាររៀបចំ ពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
លោកបានបន្ថែមឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្ត កម្មវិធីគោល នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការពង្រីក សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំធ្វើឲ្យប្រជាជនរស់នៅ យ៉ាងសុខសាន្តព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ៕