(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។
តាមផែនការដែលអានដោយលោកវរសេនីយ៍ឯក សៅ ស៊ាន ស្នងការរង និងជានាយសេនាធិការ បានឲ្យដឹងថា នៅទូទាំងខេត្តព្រះសីហនុ មានចំនួន២៧ឃុំ-សង្កាត់, គោលដៅការពារមាន១៣០គោលដៅ, ការិយាល័យបោះឆ្នោត ចំនួន២៨០ការិយាល័យ ប្រើប្រាស់កម្លាំងចំនួន១០៨២នាក់ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថ១១៦នាក់ កម្លាំងយោធា៥០ និងកម្លាំងនគរបាលចំនួន៩១៦នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ ដែលមានភារកិច្ចទទួលខុសត្រូវ គ្រប់គោលដៅទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យកម្លាំង បង្កើនការប្រុងប្រយ័ត្ន ការពារសន្តិសុខ ក្នុងដំណើរការឃោសនា, បោះឆ្នោត និងរាប់សន្លឹកឆ្នោតឲ្យប្រព្រឹត្តទៅ មានភាពត្រឹមត្រូវ យុត្តិធម៌ តាមនីតិវិធី មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ រហូតដល់ចប់។
លោកស្នងការ បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់យករបបនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការបោះឆ្នោត ដោយសេរី យុត្តិធម៌ គ្មានការបំភិតបំភ័យ និងគំរាមកំហែង ហើយលទ្ធិប្រជាធិបតេយ្យ គឺត្រូវមានច្បាប់យកច្បាប់ជាគោល ជនណា ឬក្រុមណា មានចេតនារារាំង អុកឡុកបំផ្លាញការបោះឆ្នោត កម្លាំងសមត្ថកិច្ចមានតួនាទីបង្ក្រាប៕