(កណ្ដាល)៖ យុវជនម្នាក់ត្រូវបានតុលាការខេត្តកណ្ដាល ប្រកាសសាលក្រមលើកលែងការចោទប្រកាន់ រួចដោះលែងឲ្យមានសេរីភាពវិញ ក្រោយតុលាការរកឃើញថា មិនមែនជាបទល្មើសរំលោភសេពសន្ថវៈទេ គឺជាការព្រមព្រៀងគ្នា បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។
មន្ត្រីពន្ធនាគារថ្លែងថា ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល តាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទបាននិយាយក្នុងសវនាការថា ខ្លួនពុំបានបង្ខិតបង្ខំជនរងគ្រោះដែលមានវ័យ១៦ឆ្នាំនោះទេ ដោយវាការព្រមព្រៀងរួមភេទជាមួយគ្នាតែប៉ុណ្ណោះ។ យ៉ាងណាមិញលោក ឯក ស៊ុនរស្មី តំណាងអយ្យការ សន្និដ្ឋានថា ជនជាប់ចោទគ្មានធាតុផ្សំនៃបទល្មើសរំលោភសេពសន្ថវៈទេ គប្បីតុលាការពិចារណា។
ក្រោយការសួរដេញដោល លោក ផូង វណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលើកលែងការចោទប្រកាន់លើឈ្មោះ សេង ឧស្សាហ៍ រួចដោះលែងឲ្យមានសេរីភាពឡើងវិញ។
មជ្ឈដ្ឋានមួយចំនួនយល់ថា បើជនជាប់ចោទគ្មានទោស ហើយត្រូវជាប់ពន្ធនាគារជិត៧ខែ តើការបាត់បង់សេរីភាពជិត៧ខែនេះ នរណាជាអ្នកទទួលខុសត្រូវ?៕