(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សមិទ្ធិផលសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជាតាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា មិនមានបាតដៃរបស់គណបក្សប្រឆាំងនោះឡើយ ផ្ទុយទៅវិញបក្ស ប្រឆាំងនេះធ្លាប់ចូលដៃចូលជើងចង់នាំរបបវាលពិឃាតមកវិញថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យ៉ាងដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។
ប្រទេសកម្ពុជា បានរងភាពខ្ទេចខ្ទាំស្ទើរក្លាយជាផេះដោយសារតែភ្លើងសង្រ្គាមចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ៦០ និងក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយភាពខ្ទេចខ្ទាំបានកើតមានកាន់តែខ្លាំងថែមទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩)។ ក្នុងរបបនេះ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ មិនត្រឹមតែមិនកសាងប្រទេសឲ្យរីកចម្រើននោះទេ ពួកគេថែមទាំងបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត ៣លាននាក់ថែមទៀត។
ប្រទេសកម្ពុជា បានស្គាល់ពន្លឺសុខសន្តិភាព និងការរីកចម្រើនជាថ្មី នៅក្រោយពេលរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងកម្លាំងតស៊ូដឹកនាំប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានដូចជាសម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន រួមនិងឥស្សរជនស្នេហាជាតិជាច្រើនរូបផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធិផលទាំងអស់នេះ មិនមានការចូលរួមពីគណបក្សនយោបាយណាមួយនោះឡើយ គឺមានតែគណបក្ស ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ការប្រឹងប្រែងរបស់យើងក្នុងពេលកន្លងទៅនេះ សមិទ្ធិផលរបស់យើងទាំងសន្តិភាព ទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មិនមានបក្សណាផ្សេងក្រៅតែពីគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវលទ្ធផលទាំងអស់នេះ។ គ្មានបាតដៃបក្សប្រឆាំងចូលរួមចំណែកណាមួយ សូម្បីតែបន្តិច។ តើពួកគេបានធ្វើអ្វីខ្លះសម្រាប់សន្តិភាពរបស់ប្រទេស ហើយតើពួកគេបានធ្វើអ្វីខ្លះដើម្បីការអភិវឌ្ឍរបស់ប្រទេស ក្តៅតែពីការបំផ្លិចបំផ្លាញនៅក្នុងសម័យសង្រ្គាម គេក៏បានរួមចំណែកប្រឆាំងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា ការបិទបញ្ចប់ភ្លើងសង្រ្គាម និងស្វែងរកបានសុខសន្តិភាពនេះ គឺកម្រមានប្រទេសណាធ្វើបានដូចកម្ពុជា នោះឡើយ។ សម្តេចតេជោ ក៏អរគុណដល់កងកម្លាំង ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាបិទបញ្ចប់ភ្លើងសង្រ្គាមបើកទំព័រសករាជថ្មី នៃសុខសន្តិភាព។
ក្រោយពេលកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមការដាក់ចេញយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយប្រមូល យកកងទ័ពខ្មែរក្រហមមករួមរស់ក្រោមដំបូលតែមួយនោះ គេសង្កេតឃើញថា សន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរីកចម្រើនឡើងគួរកត់សម្គាល់។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជា បានរក្សានូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៧ភាគរយ ហើយថ្មីៗនេះកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍ អាស៊ីធ្វើការវាយតម្លៃថា កម្ពុជា គឺជាកូនខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ី បន្ទាប់ពីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នារយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងសករាជថ្មីនៃការអភិវឌ្ឍនោះ បានធ្វើឲ្យប្រទេសកម្ពុជារើខ្លួនចេញពី ប្រទេស មានចំណូលតិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទៀប ខណៈដែលប្រជាពលរដ្ឋមានចំណូលជាធម្យមជាង ១ពាន់ដុល្លារក្នុងមួយឆ្នាំ៕